ត្រាំ សង្ឃឹមថា ឥណ្ឌា និងប៉ាគីស្ថាន នឹងបញ្ឈប់ត្រឹមនេះ ក្រោយវាយប្រហារសងសឹកគ្នារួចហើយ

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌា និងប៉ាគីស្ថាន ដែលសុទ្ធតែប្រទេសមានអាវុធនុយក្លេអ៊ែរដូចគ្នា អាចបិទបញ្ចប់ការបង្កើនភាពតានតឹង នៅត្រឹមនេះ ក្រោយបានវាយប្រហារស៊ីសងគ្នារួចរាល់ហើយ។

លោក ត្រាំ បាននិយាយនៅសេតវិមានថា ប្រទេសទាំងពីរ បានសងសឹកគ្នារួចហើយ ដូច្នេះសង្ឃឹមថា ពួកគេអាចបញ្ចប់ត្រឹមនេះ ហើយលោកប្រធានាធិបតីអាមេរិក បានបន្ថែមថា រូបលោកស្គាល់ភាគីទាំងពីរច្បាស់ណាស់ និងចង់ឃើញពួកគេនិយាយគ្នា ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី»។ លោក ត្រាំ បានបញ្ជាក់ថា ប្រសិនបើមានអ្វីដែលលោកអាចជួយបាន លោកនឹងជួយ ខណៈលោកបានចាត់ទុកការកើនឡើងភាពតានតឹងនេះថា ជារឿងគួរឱ្យសោកស្តាយ។

សូមជម្រាបថា ឥណ្ឌាគឺជាដៃគូដ៏សំខាន់សម្រាប់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់ការកើនឡើងឥទ្ធិពលរបស់ចិន ខណៈប៉ាគីស្ថាននៅតែបន្តជាសម្ព័ន្ធមិត្តមួយដដែល បើទោះបីជាបានថយចុះសារសំខាន់ ក្រោយការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្កានីស្ថាន កាលពីឆ្នាំ២០២១ ក៏ដោយ៕



 

Powered by Blogger.