សង្ស័យមានការសាងសង់សំណង់រឹងខុសច្បាប់ លើដីចំណីផ្លូវ នៅស្រុកកំពង់ត្រាច ខណៈទីតាំងនេះធ្លាប់ដោះស្រាយផលប៉ះពាល់រួចហើយ

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ និងសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះសកម្មភាពសាងសង់សំណង់រឹងមួយកន្លែង ដែលស្ថិតនៅចំណុច ភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត ដោយគេសង្ស័យថា សំណង់នេះសាងសង់ឡើងដោយគ្មានលិខិតអនុញ្ញាត និងរំលោភលើដីចំណីផ្លូវសាធារណៈ។

​តាមប្រភពព័ត៌មានបន្តថា ទីតាំងសំណង់ខាងលើនេះ គឺជាដីដែលធ្លាប់មានទំនាស់ និងជា ដីចំណីផ្លូវ ដែលក្រសួងជំនាញពាក់ព័ន្ធធ្លាប់បានធ្វើការដោះស្រាយផលប៉ះពាល់ រួចរាល់ម្តងរួចមកហើយនាពេលកន្លងមក។ យ៉ាងណា ការសាងសង់នេះត្រូវបានគេអះអាងថា ធ្វើឡើងនៅលើដីដែលមិនមានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះទេ ដែលជាហេតុធ្វើឱ្យមហាជនដាក់ការសង្ស័យថា តើម្ចាស់សំណង់អាងខ្នងបង្អែកអ្នកណា ទើបហ៊ានសាងសង់សំណង់រឹងបែបនេះបាន?

បើយោងតាមច្បាប់ភូមិបាល និងច្បាប់ស្តីពីសំណង់ ការសាងសង់លើដីចំណីផ្លូវ ឬដីដែលមិនមានកម្មសិទ្ធិ គឺជាទង្វើខុសច្បាប់ ហើយការសាងសង់សំណង់រឹងដាច់ខាតត្រូវតែមានលិខិតអនុញ្ញាតសាងសង់ (ប្លង់សេ) ពីអាជ្ញាធរមានសមត្ថកិច្ច។

​យោយ​តាមរយៈព័ត៌មានបឋមនេះ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមហាជន សូមគោរពស្នើសុំដល់ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច ក៏ដូចជា មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត មេត្តាចុះពិនិត្យទីតាំងជាក់ស្តែង និងមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រសិនបើរកឃើញថា សំណង់នោះពិតជាសាងសង់ឡើងដោយរំលោភច្បាប់ និងរំលោភលើដីចំណីផ្លូវសាធារណៈមែននោះ។

​ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺពីម្ចាស់សំណង់ ឬអាជ្ញាធរឃុំ-ស្រុកបាននៅឡើយទេមកទល់នឹងពេលនេះ។ យើងនឹងរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធនៅពេលក្រោយ ដើម្បីផ្តល់ភាពយុត្តិធម៌ និងតម្លាភាព៕






Powered by Blogger.