សម្តេចធិបតី បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) Online Scams ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗរួមមាន÷

- ក្រុមការងារទី១ : ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយលោក ឌី វិជ្ជា
- ក្រុមការងារទី២ : ទទួលខុសត្រូវខេត្តព្រះសីហនុ កំពត និងកោះកុង ដឹកនាំដោយលោក យ៉េត វីណែល
- ក្រុមការងារទី៣ : ទទួលខុសត្រូវខេត្តពោធិ៍សាត់ បាត់ដំបង និងប៉ៃលិន ដឹកនាំដោយលោក ឌួង ឧត្តម
- ក្រុមការងារទី៤៖ ទទួលខុសត្រូវខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ដឹកនាំដោយលោក ជួន សុវណ្ណ។

បើតាមសចក្តីសម្រេចក្រុមការងារនីមួយៗមានភារកិច្ចស្នូលរួមមាន៖

១/ ចុះពិនិត្យទីតាំងសង្ស័យ និងទីតាំងដែលធ្លាប់បានបង្ក្រាប ឬបិទសៀល (Sealed) នាពេលកន្លងមក ដើម្បីការពារកុំឱ្យមានការលួចលាក់បើកដំណើរការឡើងវិញ។

២/ ត្រួតពិនិត្យលើការកាត់ផ្តាច់ប្រព័ន្ធអ៉ីនធឺណិត អគ្គិសនី និងសិក្សាការបំពាក់កាមេរ៉ាសុវត្ថិភាពដើម្បីតាមដាន។

៣/ តម្រូវឱ្យម្ចាស់កាស៊ីណូធ្វើកិច្ចសន្យាហាមដាច់ខាតការផ្តល់ទីតាំងសម្រាប់បម្រើឱ្យការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

៤/ ធ្វើការជិតស្និទ្ធជាមួយព្រះរាជអាជ្ញា និងអាជ្ញាធរដែនដី ហើយមានសិទ្ធិប្រើប្រាស់កម្លាំងត្រៀមពីតាមក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១០រូប ឬច្រើនជាងនេះតាមភាពចាំបាច់។ 

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តការបង្ក្រាបបទល្មើស Online Scams ដោយគ្មានបង្អង់ដៃឡើយ៕








Powered by Blogger.