រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំកម្លាំង ចុះរុះរើសំណង់អនាធិបតេយ្យ រំលោភចំណីផ្លូវ

អត្ថបទ៖ សុខ ចរណៃ

ខេត្តបាត់ដំបង៖ លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចុះរុះរើសំណង់បណ្ដោះអាសន្ន ជាប់របងវត្តកណ្ដាល និងអ្នកសង់តូបលក់ដូរតាមរបងវត្តសង្កែ ឲ្យបាន១០០%  កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ដើម្បីរៀបចំសោភណ័ភាព សណ្តាប់ធ្នាប់ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យមកទស្សនា កំសាន្ត ស្នាក់នៅ និងវិនិយោគ ក្នុងក្រុងបាត់ដំបងកាន់តែច្រើន ។

ការចាប់ផ្ដើមរំដោះចិញ្ចើមផ្លូវរបស់អាជ្ញាធរក្រុងបាត់ដំបង តាមរយៈការប្រើប្រាស់កម្លាំងចម្រុះចុះរុះរើផ្ទាល់លើសំណង់គ្មានច្បាប់ ដែលសាងសង់រំលោភលើដីចំណីផ្លូវ គឺដើម្បីរំដោះដីចំណីផ្លូវសាធារណៈ ពីមនុស្សមួយចំនួន ដែលលោភលន់សាងសង់សំណង់រំលោភបំពានលើចិញ្ចើមផ្លូវ មិនព្រមអនុវត្តតាមការជូនដំណឹងជាបន្តបន្ទាប់របស់អាជ្ញាធរក្រុងបាត់ដំបងកន្លងមកនេះ ។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងចម្រុះចុះរុះរើសំណង់គ្មានច្បាប់ កាលពីម្សិលមិញបាននិយាយថា យើងបានចាប់ផ្ដើមចុះរុះរើសំណង់អនាធិបតេយ្យ ដែលសាងសង់រំលោភបំពានលើដីចំណីផ្លូវនានាហើយ ។ លោកបានបន្តថា ល្មមដល់ពេលយើងរំដោះចំណីផ្លូវនានា នៅក្នុងក្រុងហើយ ដើម្បីរៀបចំសណ្ដាប់ធ្នាប់កែលំអចិញ្ចើមថ្នល់ និងរៀបចំឲ្យមានផ្លូវសម្រាប់អ្នកដំណើថ្មើរជើង និងអ្នកជិះកង់ ។

លោកក៏បានបញ្ជាក់ដែរថា កន្លងមករដ្ឋបាលក្រុងបាត់ដំបង ធ្លាប់បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមដងផ្លូវនានាក្នុងក្រុង ស្ដីពី«ការស្នើសុំឲ្យរុះរើតូប សំយ៉ាប ឬ របងផ្ទះ» ដែលសាងសង់រំលោភលើដីចំណីផ្លូវនេះ ជាបន្តបន្ទាប់ច្រើនឆ្នាំកន្លងមក តែពុំមានបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធ ភ្ញាក់រលឹកចុះរុះរើដោយខ្លួនឯងទេ ទើបមកដល់ថ្ងៃនេះ លោកត្រូវសម្រេចប្រើប្រាស់កម្លាំងចុះរុះរើផ្ទាល់តែម្ដង ។ ការចុះរុះរើសំណង់គ្មានច្បាប់ លើកដំបូងនេះ នៅត្រង់ចំណុចជាប់នឹងរបង «វត្តកណ្ដាល»ចុងស្ពានថ្ម សម្ដេចក្រឡាហោម ស ខេង ត្រើយខាងកើត ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

រដ្ឋបាលក្រុងមានគោលដៅរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសាធារណៈនានាគ្រង់ទីកន្លែងទាំងអស់នៅក្នុងក្រុង បាត់ដំបង ដើម្បីលើកកម្ពស់ទីក្រុងស្អាត ជាពិសេស វិស័យទេសចរណ៍ឲ្យកាន់តែសំបូរបែប ។

លោក លាង វាសនា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងផ្លូវជាតិលេខ៥ និងដងផ្លូវនានានៅក្នុងក្រុងបាត់ដំបង មេត្តាចូលរួមអនុវត្តនូវសេចក្ដីជូនដំណឹងជាបន្តបន្ទាប់របស់រដ្ឋបាលក្រុងស្ដីពី «ការរុះរើសំណង់គ្មានច្បាប់នានា ដែលសាងសង់រំលោភលើដីចំណីផ្លូវ» ដើម្បីចូលរួមអភិវឌ្ឍន៍ទីក្រុងបេតិកភណ្ឌមួយនេះ ឲ្យក្លាយជាទីក្រុង ដ៏ស្រស់ស្អាត មានសោភ័ណ្ឌភាពល្អ និង ជាខេត្តមួយដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តផងដែរ៕










Powered by Blogger.