បទឈប់បាញ់ ៣ថ្ងៃរបស់លោក ពូទីន ជាមួយអ៊ុយក្រែន ចូលជាធរមាន
ប្រភព៖ AFP
មូស្គូ៖ បទឈប់បាញ់រយៈពេល៣ថ្ងៃរបស់លោកប្រធានាធិបតីរុស្ស៉ី វ៉្ល៉ាឌីមៀ ពូទីន ជាមួយអ៊ុយក្រែនបានចូលជាធរមានហើយ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ខណៈវិមានក្រឹមឡាំងថា បទឈប់បាញ់នេះនឹងធ្វើតេស្ដលើការត្រៀមលក្ខណៈរបស់ទីក្រុងកៀវចំពោះសន្តិភាព។
បទឈប់បាញ់ឯកតោភាគីរបស់លោក
ពូទីន
បានចូលជាធរមានចំពេលទីក្រុងមូស្គូត្រៀមរៀបចំការធ្វើព្យុហយាត្រាយោធាអបអរទិវាជ័យជម្នះនៅថ្ងៃសុក្រ
ទី៩ ខែឧសភា ដោយមានការចូលរួម ពីបណ្ដាមេដឹកនាំពិភពលោក ដូចជាលោកប្រធានាធិបតីចិន ស៊ី
ជីនពីង ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da
Silva និងប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ដើម្បី រំឮកការបិទបញ្ចប់សង្រ្គាមលោកលើកទី២។
នៅមុនបទឈប់បាញ់របស់លោក
ពូទីន ចូលជាធរមាន ទីក្រុងមូស្គូ
និងទីក្រុងកៀវបានបើកការវាយប្រហារដោយប្រើដូនដាក់គ្នាទៅវិញទៅមក
បង្ខំឱ្យអាកាសយានដ្ឋានមួយចំនួន ក្នុងប្រទេសរុស្ស៉ីត្រូវបិទទ្វារបណ្ដោះអាសន្ន
និងបន្សល់ទុកមនុស្ស២នាក់បាត់បង់ជីវិតនៅអ៊ុយក្រែន។
ភ្លាមៗគេមិនទាន់ច្បាស់ថាតើរុស្ស៉ី
និងអ៊ុយក្រែននឹងគោរពតាមបទឈប់បាញ់៣ថ្ងៃនេះ ឬក៏យ៉ាងណានោះទេ? ប៉ុន្តែអ៊ុយក្រែនមិនបានទទួលយក បទឈប់បាញ់នេះឡើយ ដោយលោក
ហ្សេលេនស្គីទទូចចង់បានបទឈប់បាញ់ពេញលេញមួយរយៈពេល ៣០ថ្ងៃ៕
Post a Comment