អ្វីទៅជា«កិច្ចការពារម៉ាក ពាណិជ្ជនាម» ឬហៅថា «កម្មសិទ្ធិបញ្ញា»

អត្ថបទ៖ ថោង វណ្ណា

ភ្នំពេញ៖ ច្បាប់ស្តីពី«ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» គឺមានគោលបំណងការពារម៉ាក ពាណិជ្ជនាម ដែលបានចុះបញ្ជីក្នុងបញ្ជីម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់ លើការបង្កើត ការប្រើប្រាស់ម៉ាក និងពាណិជ្ជនាម។

ដូចម្តេចដែលហៅថា «ម៉ាក ពាណិជ្ជនាម»

- «ម៉ាក» គឺជាសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ «ម៉ាក»ដែលប្រើសម្រាប់ទំនិញហៅថា «ពាណិជ្ជសញ្ញា» ហើយ«ម៉ាក»ដែលប្រើប្រាស់សម្រាប់សេវាហៅថា «សេវាសញ្ញា»។

- «ពាណិជ្ជនាម» គឺជាឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់ សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។ (មាត្រា២ ច្បាប់ស្តីពី «ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់»។


ចំពោះ«ម៉ាក»ដែលមិនអាចចុះបញ្ជីបានមានដូចខាងក្រោម៖

- ម៉ាកដែលមិនអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត ។
- ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។

- ម៉ាកដែលអាចនាំឱ្យសាធារណជន ឬមជ្ឈដ្ឋាន ពាណិជ្ជកម្មភ័ន្តច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ ។

- ម៉ាកដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយលើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះ ឬអង្គការនោះ ។

- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ សំរាប់ទំនិញ
ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត ។

- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះ
រាជាណាចក្រកម្ពុជា សម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះធ្វើឱ្យខូចប្រយោជន៍របស់ម្ចាស់នៃម៉ាកល្បី ។

- ម៉ាកដែលដូចគ្នា ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាក ដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញ ឬសេវាដូចគ្នា ឬទំនិញ ឬសេវា ដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ។

យោងចរាចរណែនាំលេខ ០៧ សរណន ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការទទួលស្គាល់សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់«ម៉ាក» គឺមានគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការការពារ«កម្មសិទ្ធិបញ្ញា» ការប្រកួតប្រជែងដោយសេរី ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងសំដៅការទប់ស្កាត់អំពើគេចពន្ធ ការលក់តម្លើងថ្លៃដែលផ្ទុយនិងគោលការណ៍ទីផ្សារសេរី និងការនាំចូល និងលក់ទំនិញក្លែងក្លាយ ព្រមទាំងដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យកសិកម្ម និងវិនិយោគទន់នៅកម្ពុជា។

ដោយឡែកការប្រកបអាជីវកម្មលើវិស័យសារព័ត៌មាន គឺមានគោលដៅជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម ជាអ្នកនាំពាក្យ
ពីប្រជាពលរដ្ឋទៅរាជរដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅប្រជាពលរដ្ធ ជាដៃគូរមិនអាចខ្វះបានក្នុងការចូលរួមចំណែក ដើម្បីរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងរក្សានូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។ 

យោងចរាចណែនាំលេខ ០៧ សរណន ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានរៀបរាប់ជូនខាងលើ ការធ្វើអាជីវកម្មលើវិស័យសារព័ត៌មាន គឺមិនស្ថិតក្នុងកាតព្វកិច្ច ឬត្រូវបានបង្ខិតបង្ខំដោយប្រការណាមួយ ដើម្បីធ្វើការចុះបញ្ជី«កិច្ចការពារម៉ាក ពាណិជ្ជនាម» ឬហៅថា ការចុះបញ្ជី«កម្មសិទ្ធិបញ្ញា»ឡើយ៕




























សូមស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
«អ្នកសារព័ត៌មាន ជាដៃគូរមិនអាចខ្វះបាន»








Powered by Blogger.