រាជរដ្ឋាភិបាល សម្រេចបញ្ចុះពន្ធលើប្រេងសាំង​ និងប្រេងម៉ាស៊ូត

ភ្នំពេញ៖ ស្ថិតក្នុងដំណាក់កាលដ៏លំបាក នៃការប្រែប្រួលកើនឡើងតម្លៃប្រេងឥន្ទនៈជាសកល​នេះ​ រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញនូវវិធានការនានា តាមរយៈក្រសួងជំនាញដូចជា ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ,​ ក្រសួងពាណិជ្ជកម្ម​ និង ក្រសួងរ៉ែ​ និងថាមពល។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីតម្លៃលក់ប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម ដែលចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាន៖ ១- បន្តបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ។ ២- បន្តបញ្ចុះមួយសេនដុល្លារក្នុងមួយលីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងឡើងលើសពី ៩០ ដុល្លារ/បារ៉ែល និងប្រេងម៉ាសូតអន្តរជាតិឡើងលើស ១០០ ដុល្លារ/បារ៉ែល។ ៣-ពន្ធគយ ០ (សូន្យ) ដុល្លារ និង៤-ផ្អែកតាមសភាពការណ៍ និងថ្លៃប្រេងឥន្ធនៈបន្តឡើងនៅទីផ្សារអន្តជាតិសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានសម្រេច៖
- បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតមក ០ (សូន្យ) ដុល្លារ
- បញ្ចុះអាការពិសេសម៉ាសូត ៤% មក ០%
- បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាសូតពី ១០% មក ៤% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួស ៦%។

សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម បានបញ្ចេញអត្រាតម្លៃប្រេងឥន្ធនៈថ្មី សម្រាប់លក់រាយតាមស្ថានីយនានាចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦តទៅ គឺប្រេងសាំង មានតម្លៃ ៥៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត តម្លៃ ៦៧០០រៀលក្នុងមួយលីត្រ៕






 

Powered by Blogger.