សិង្ហបុរី ចាប់ផ្តើមដំឡើងថ្លៃអគ្គិសនី ដោយសារតែការកើនឡើងតម្លៃប្រេង

សិង្ហបុរី៖ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីនៅ​ប្រទេសសិង្ហបុរី បានចាប់ផ្តើមដំឡើងថ្លៃសម្រាប់អតិថិជន ស្របពេលដែលសង្រ្គាមអាមេរិក-អ៊ីស្រាអែលប្រឆាំងអីរ៉ង់ នៅតំបន់មជ្ឈិមបូព៌ា បានបន្តអូសបន្លាយ៣សប្តាហ៍មកហើយ។

គ​ម្រោងផ្គត់ផ្គង់អគ្គិសនីសម្រាប់លំនៅដ្ឋានក្នុងប្រទេសសិង្ហបុរី មានតម្លៃចន្លោះ២៤.៨៨ ទៅ២៨.៦៧សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង កាលពីថ្ងៃទី២៧ ខែកុម្ភៈពោលគឺ​មួយថ្ងៃមុនសង្រ្គាមចាប់ផ្តើម។ ប៉ុន្តែគិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ តម្លៃបានកើនដល់ចន្លោះ២៨.៨សេននិង២៩.១៨សេនក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលស្មើនឹងកំណើន ចន្លោះ១.២ភាគរយ ទៅ១១.៣ភាគរយ ដោយអាស្រ័យលើគម្រោងនិងក្រុមហ៊ុនផ្គត់ផ្គង់នីមួ​យៗ។

គម្រោងផ្គត់ផ្គង់អគ្គិសនីរយៈពេល២៤ខែ របស់ក្រុមហ៊ុន Senoko Energy និង PacificLight Energy បានកើនពី២៥.៨៨សេន ដល់២៨ .៩០សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង ឬស្មើនឹង១១.៣ភាគរយ។ ប្រការនេះមានន័យថា ផ្ទះសម្បែងទូទៅដែលប្រើប្រាស់ថាមពលជាមធ្យម ៣៥៧គីឡូវ៉ាត់ម៉ោងក្នុងមួយខែ នឹងត្រូវមើលឃើញ​តម្លៃអគ្គិសនីកើនក្នុងចំនួន១០.៤២ដុល្លារសិង្ហបុរី ឬ៨.១៣ដុល្លារអាមេរិក។

បើតាមការយល់ឃើញរបស់អ្នកវិភាគនៅសិង្ហបុរី ការកែសម្រួលតម្លៃអគ្គិសនីនេះ គឺដោយសារតែការកើនឡើងតម្លៃប្រេងជាសកល បណ្តាលមក​ពីសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលមកទល់ពេលនេះ នៅតែមិនទាន់មានសញ្ញាថា នឹងបញ្ចប់ទៅវិញនៅពេលណានោះឡើយ។ កត្តាជំរុញតម្លៃអគ្គិសនីចម្បងបំផុតនៅសិង្ហបុរី គឺប្រេងឥន្ធនៈនិងការផលិតថាមពល ដែលរ៉ាប់រងជាង៧៥ភាគរយនៃពន្ធអគ្គិសនី។ ៩៥ភាគរយនៃអគ្គិសនីរបស់សិង្ហបុរី គឺផលិតដោយប្រើឧស្ម័នធម្មជាតិ ដែលបង្ហូរមកពីប្រទេសជិតខាង ឬនាំចូលក្នុងទម្រង់ជាឧស្ម័នធម្មជាតិរាវ LNG



 

Powered by Blogger.