អាមេរិកបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៅមជ្ឈិមបូព៌ា ស្របពេលសង្គ្រាមលើអ៊ីរ៉ង់ឈានចូលសប្តាហ៍ទី៣
វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកបានបញ្ជាក់កាលពីថ្ងៃសុក្រថា អាមេរិកកំពុងបញ្ជូនកងម៉ារីន និងកងទ័ពជើងទឹករាប់ពាន់នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងសមត្ថភាពយោធា ខណៈសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ឈានចូលសប្តាហ៍ទី៣។
ការបញ្ជូននាវាចម្បាំង USS
Boxer និងកងឯកភាពយោធាដែនសមុទ្របន្ថែមទៅកាន់តំបន់នេះ
គឺជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការនាពេលអនាគត។ បច្ចុប្បន្ន
អាមេរិកមានកងទ័ពប្រមាណ ៥០,០០០នាក់រួចទៅហើយនៅទីនោះ។
មន្ត្រីអាមេរិកបានឱ្យដឹងថា ថ្វីត្បិតតែមិនទាន់មានការសម្រេចចិត្តបញ្ជូនទ័ពជើងគោកចូលទឹកដីអ៊ីរ៉ង់ផ្ទាល់ក្តី
ប៉ុន្តែជម្រើសយោធាដែលកំពុងពិចារណា រួមមានទាំងការគ្រប់គ្រងច្រកសមុទ្រ Hormuz
និងការដាក់ពង្រាយកងកម្លាំងនៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់។
ទោះបីជាលោក ដូណាល់ ត្រាំ ធ្លាប់បានបដិសេធមិនចង់បញ្ជូនទ័ពចូលក្នុងជម្លោះថ្មីនេះក៏ដោយ
ប៉ុន្តែសកម្មភាពពង្រឹងកងទ័ពបន្ថែមនេះ
បានឆ្លុះបញ្ចាំងពីផែនការយោធាដ៏តឹងរ៉ឹងរបស់លោក។
ការប្រើប្រាស់កងទ័ពជើងគោកអាមេរិកក្នុងសង្គ្រាមនេះ
កំពុងក្លាយជាហានិភ័យនយោបាយដ៏ធំសម្រាប់លោក ត្រាំ ដោយសារតែប្រជាជនអាមេរិកមិនសូវគាំទ្រសង្គ្រាមនេះ
ហើយវាក៏ផ្ទុយនឹងការសន្យាកាលពីមុនបោះឆ្នោតរបស់លោក
ដែលថានឹងមិនអូសទាញអាមេរិកចូលក្នុងជម្លោះថ្មីនៅមជ្ឈិមបូព៌ាផងដែរ៕ (Reuters)

Post a Comment