ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចាត់តំណាងអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ម៉ម សុភាព
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចាត់តំណាងឲ្យលោកឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំនាយទាហាននៃកងរាជអាវុធហត្ថខេត្ត អញ្ជើញទៅចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ម៉ម សុភាព មុខតំណែង ជំនួយការផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១និង០០នាទី នៅមន្ទីរពេទ្យព្រះកេតុមាលា (១៧៩) រាជធានីភ្នំពេញ ក្នុងជន្មាយុ៤៥ឆ្នាំ ដោយរោគាពាធ ហើយកម្មវិធីបុណ្យសពប្រព្រឹត្តធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងក្រុមទី៥ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្តីអាឡោះអាល័យជាពន់ពេកពីសំណាក់
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជាមួយសាច់ញាតិក្រុមគ្រួសារនៃសព
និងសូមគោរពឧទ្ទិសបួងសួងដល់គុណបុណ្យតេជបារមី វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ជួយដឹកនាំដួងវិញ្ញាក្ខន្ធរបស់
លោកអនុសេនីយ៍ឯក ម៉ម សុភាព ឱ្យឆាប់បានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ ហើយជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី
មេបញ្ជាការរង ក៏បានប្រគល់បច្ច័យចូលបុណ្យដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន
៥,០០០,០០០រៀល និងបច្ច័យចូលបុណ្យរបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ
និងលោកជំទាវ ចំនួន ១,០០០,០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារនៃសពផងដែរ៕








Post a Comment