រដ្ឋមន្រ្តី ហួត ហាក់ ជំរុញដល់យុវជនឲ្យបន្តការងារតាមវិស័យ ដើម្បីគាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានជ្រើសរើសក្នុងចំណោមក្មួយៗជាយុវជនដដៃទៀត (ឆ្លងកាត់វិញ្ញាសារតេស្តសំណេរ, ផ្ទាល់មាត់ និងឆ្លងកាត់ការហាត់ការងារ) ដើម្បីទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល៣៤ថ្ងៃ (ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយចាប់ផ្តើមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមរយៈកប៉ាល់ឈ្មោះ Nippon Maru ទៅកាន់ប្រទេសសឹង្ហបុរី។
ក្នុងពិធីសំណេះសំណាលនារសៀលនេះ
មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោកស្រី ទេព ស៊ីណាត អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន
នៃក្រសួងអប់រំយុវជននិងកីឡា, លោកស្រី អ៊ឹម រចនា
ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ និងប្អូនៗ ក្មួយៗ
ជាប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ទាំង ១៨រូប នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥
នាទីស្តីការក្រសួងទេសចរណ៍។
ឯកឧត្តមរដ្ឋមន្រ្តី
បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាទាំងអស់
និងបានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលនាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបបន្តថា
ការជួបជុំគ្នានេះ នៅក្នុងពេលដែលប្រទេសជាតិរបស់យើង
កំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ដែលកំពុងធ្វើសមរភូមិយោធា, សមរភូមិការទូត, សមរភូមិផ្លូវច្បាប់, និងសមរភូមិព័ត៌មានយ៉ាងស្វិតស្វាញ ដោយមួយផ្នែកគឺគាំទ្ររាជរដ្ឋាភិបាល,
និងមួយផ្នែកទៀត
គឺដើម្បីបន្តនិរន្តភាពការងារតាមវិស័យដែលជាសមត្ថកិច្ចរបស់យើង។
ជាមួយគ្នានេះ ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូន
និងក្មួយៗត្រូវថែរក្សាសុខភាព ដោយត្រូវអនុវត្តតាមការណែនាំអំពីសុខភាព
និងសុវត្ថិភាពរបស់គណៈគ្រប់គ្រង ជាពិសេសត្រូវមានសីលធម៌ និងគោរពវិន័យ។ លោកបានបន្តថា
ក្មួយៗទាំងអស់គ្នា គឺជាទូតសុឆន្ទៈរបស់វិស័យទេសចរណ៍កម្ពុជា និងតំណាងឱ្យនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា
ដោយក្មួយៗ ត្រូវធើ្វការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍របស់យើង និងការចែករំលែកវប្បធម៌
ប្រពៃណីខ្មែរដល់សមាជិកចូលរួមពីប្រទេដដទៃទៀត
និងត្រូវបង្កើតមិត្តភាពជាមួយប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍មកពីប្រទេសដទៃទៀត
និងត្រូវកត់ចំណាំ និងចែករំលែកបទពិសោធដល់មិត្តរបស់យើងដែលមិនបានទៅចូលរួម។
ជាពិសេសក្មួយៗ សូមជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន, សក្តានុពលទេសចរណ៍កម្ពុជា
និងត្រូវឆ្លើយតប ករណីព័ត៌មាននិយាយខុសពីការពិតអំពីប្រទេសកម្ពុជាផងដែរ៕







Post a Comment