លោក នេតាន់យ៉ាហ៊ូ នឹងជួបលោក ត្រាំ នៅចុងខែនេះ ដើម្បីពិភាក្សាពីបញ្ហាហ្គាហ្សា

ហ្សេរុយសាឡឹម៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែលបានប្រកាសនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នឹងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២៩ ខែធ្នូ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់នៃបទឈប់បាញ់នៅហ្គាហ្សា។

អ្នកនាំពាក្យ លោកស្រី សូស បេដ្រូសៀន (Shosh Bedrosian) បានបញ្ជាក់ថា «នាយករដ្ឋមន្ត្រីនឹងជួបលោកប្រធានាធិបតី ត្រាំ នៅថ្ងៃចន្ទ ទី២៩ ខែធ្នូ...ពួកគេនឹងពិភាក្សាអំពីជំហាន និងដំណាក់កាលនាពេលអនាគត ព្រមទាំងកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ»

កិច្ចប្រជុំនេះធ្វើឡើងខណៈដែលបទឈប់បាញ់ដែលចូលជាធរមានតាំងពីខែតុលា នៅតែមានភាពផុយស្រួយ ដោយភាគីទាំងពីរចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភកិច្ចព្រមព្រៀង។ លើសពីនេះ គម្លាតធំៗនៅតែមានលើបញ្ហាសំខាន់ៗ ដូចជាការដកហូតអាវុធក្រុមហាម៉ាស់ ការគ្រប់គ្រងតំបន់ហ្គាហ្សាក្រោយសង្គ្រាម និងអាណត្តិរបស់កងកម្លាំងសន្តិសុខអន្តរជាតិ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ជំនួបនេះអាចនឹងធ្វើឡើងនៅរដ្ឋផ្លរីដា បន្ទាប់ពីលោក ត្រាំ បានអញ្ជើញលោក នេតាន់យ៉ាហ៊ូ ទៅកាន់សេតវិមានកាលពីដើមខែនេះ៕ (Reuters)



 

Powered by Blogger.