ខេត្តកែប ! ឋានសួគ៌ដ៏ស្ងប់ស្ងាត់ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបាននៃសមុទ្រខ្មែរ ដែលប្រជុំទៅដោយកោះតូចធំចំនួន១៣ មានសម្រស់ធម្មជាតិលាក់ខ្លួនក្នុងផ្ទៃទឹកពណ៌ខៀវស្រងាត់
ផលិតព័ត៌មាន/ស្រាវជ្រាវឯកសារ : ថោង វណ្ណា , ទ្រី ហៀន
ខេត្តកែប÷ ខេត្តកែបមានចម្ងាយប្រមាណ ១៧០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តកំពត និងសមុទ្រ មានផ្ទៃក្រឡាចំនួន ៣៣៦គីឡូម៉ែត្រការ៉េ (១៣០ម៉ាញ៍) នឹងមានប្រជាជនប្រមាណ ៤១៧៩៨ នាក់(តាមរបាយការណ៍ចាស់) ហើយទោះបីជាខេត្តកែប មានផ្ទៃដីតូចជាងគេពិតមែន ប៉ុន្តែវាមានភាពទាក់ទាញខ្លាំងបំផុតដោយសារបរិយាកាសស្ងប់ស្ងាត់ មានគ្រឿងសមុទ្រស្រស់ៗ និងមានសក្តានុពលទេសចរណ៍ខ្លាំងបែបសម្រស់ធម្មជាតិលាក់ខ្លួនក្នុងផ្ទៃទឹកពណ៌ខៀវស្រងាត់ និងប្រជុំទៅដោយកោះតូចធំចំនួន១៣ ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកសម្រាកលំហែកាយនៅថ្ងៃចុងសប្តាហ៍មានដូចជា÷
«កោះទន្សាយ» ជាកោះដែលពេញនិយមបំផុត មានឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រថ្លា និងមានផ្ទះសំណាក់បែបបឹងហ្គាឡូសម្រាប់សម្រាកកាយ និងមានចម្ងាយប្រហែល ៤.៥ គីឡូម៉ែត្រពីក្រុងកែប, «កោះពោធិ៍»ជាកោះដែលមានភាពស្ងប់ស្ងាត់ខ្លាំង សមស្របសម្រាប់អ្នកចូលចិត្តដើរកម្សាន្តបែបផ្សងព្រេង និងមើលផ្កាថ្ម, «កោះស្វាយ និងកោះត្បាល់»ជាកោះតូចៗស្ថិតនៅក្បែរគ្នា ប្រៀបដូចជាផ្ទាំងគំនូរដុះកណ្តាលជលសារ ជាមួយនឹងទម្រង់ថ្មដុះប្លែកៗ មានដើមឈើដុះខៀវខ្ចី ជាទីតាំងដ៏អស្ចារ្យសម្រាប់អ្នកចូលចិត្តថតរូបបែប Nature Photograpy ហើយភ្ញៀវទេសចរក៏អាចជិះទូកទៅកម្សាន្ត និងស្ទូចត្រីបានយ៉ាងរីករាយបំផុត ឬងូតទឹកមើលផ្កាថ្មបាតសមុទ្រដ៏ស្រស់ស្អាត ពិសេសពេលព្រះអាទិត្យជិតអស្ដង្គត ពន្លឺពណ៌មាសនិងចាំងជះលើផ្ទៃទឹកជុំវិញកោះ បង្កើតជាទិដ្ឋភាពរ៉ូមែនទិចបំផុត និងមានកោះតូចៗមួយចំនួនទៀតដូចជា កោះកុក , កោះម្ចាស់ , កោះស្រមោច , កោះកណ្តាល , កោះសេះ , កោះអង្រ្គង , កោះម្ទេស , កោះស្មាច់ និងកោះរុាំង។ក្រៅពីកោះ ខេត្តកែបនៅមានកន្លែងស្អាតៗជាច្រើនទៀតដូចជា÷«ឆ្នេរលេងទឹកខេត្តកែប»ជាឆ្នេរខ្សាច់ដែលទើបនឹងកែលម្អថ្មី និងរូបសំណាក "ស្រីស" ជានិមិត្តរូបនៃខេត្តនេះ, «ឧទ្យានជាតិកែប»សម្រាប់អ្នកចូលចិត្តដើរភ្នំ (Hiking) មានផ្លូវដើរជុំវិញភ្នំដែលអ្នកអាចមើលឃើញទិដ្ឋភាពក្រុងកែប និងសមុទ្រពីលើកំពូលភ្នំយ៉ាងច្បាស់, «ផ្សារក្ដាម»ជាកន្លែងដែលមិនអាចរំលងបាន ដើម្បីទិញគ្រឿងសមុទ្រស្រស់ៗ ជាពិសេសគឺ "ក្ដាមសេះ" ដែលល្បីថាផ្អែមឆ្ងាញ់ជាងគេនៅកម្ពុជា, «ភ្នំវល្លិ»ជាអតីតតំបន់សមរភូមិ ប៉ុន្តែបច្ចុប្បន្នជាតំបន់កសិ-ទេសចរណ៍ ដែលល្បីខាងដាំម្រេច និងដំណាំហូបផ្លែ និងមានកសិដ្ឋានចិញ្ចឹមគោយកសាច់ និងជាកន្លែងបន្សុទពូជគោប្រភេទ«ត្រាម៉ាន់» និងប្រភេទពូជគោឥណ្ឌា«ប្រេស៊ីល» ដែលមានទីតាំងស្ថិតក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តកែប ក៏ដូចជារាជរដ្ឋាភិបាល បាននិងកំពុងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍកោះមួយចំនួនដូចជា«កោះទន្សាយ និងកោះពោធិ៍»ឱ្យក្លាយជាតំបន់ទេសចរណ៍កម្រិតខ្ពស់ នៅក្នុងខេត្តដ៏តូចច្រឡឹងមួយនេះ ប៉ុន្តែបញ្ហាសំខាន់ត្រូវរក្សាបរិស្ថានធម្មជាតិឱ្យបានល្អ៕
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ចុះពិនិត្យ
មើលកសិដ្ឋានចិញ្ចឹមគោពូជនៅស្រុកដំណាក់ចង្អើរ
លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ដឹកនាំក្រុមការងារ ចុះពិនិត្យមើលពីសក្តានុពលទេសចរណ៍នៅតាមតំបន់កោះ



























Post a Comment