អភិបាលស្រុកកំពង់ត្រាច ចុះដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋផ្ទាល់ និងពិនិត្យការបិទផ្សាយទិន្នន័យក្បាលដី

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក ក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អូន ខន អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាច បានដឹកនាំក្រុមការងារបច្ចេកទេស ចុះបេសកកម្មសំខាន់ពីរក្នុងពេលតែមួយ ដើម្បីជំរុញការចុះបញ្ជីដីធ្លី និងដោះស្រាយ ក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងបេសកកម្មទាំងពីររួមមាន៖ ១. ពិនិត្យការបិទផ្សាយទិន្នន័យក្បាលដីជាលក្ខណៈប្រព័ន្ធ ​ដោយក្នុងដំណាក់កាលដំបូង លោកអភិបាលស្រុកបានអញ្ជើញចុះពិនិត្យមើលដំណើរការ ការបិទផ្សាយទិន្នន័យក្បាលដី នៅក្នុងតំបន់វិនិច្ឆ័យ ស្ថិតនៅទីតាំង វត្តឧទុម្ពរកំពង់ត្រាច ដើម្បីធានាថា ការចុះបញ្ជីដីធ្លីមានតម្លាភាព និងត្រឹមត្រូវតាមបច្ចេកទេស និង ការបិទផ្សាយនេះអនុញ្ញាតឱ្យម្ចាស់ដីអាចមកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ព្រំប្រទល់ និងទំហំដីរបស់ខ្លួនឱ្យបានច្បាស់លាស់ មុននឹងឈានទៅដល់ការចេញប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) ជាផ្លូវការ និងទី២. ចុះជួបពលរដ្ឋផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈម។

 ​បន្ទាប់ពីបញ្ចប់ការពិនិត្យនៅវត្តឧទុម្ពរ លោក អូន ខន បានបន្តដឹកនាំក្រុមការងារចុះទៅជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ ៣០ គ្រួសារ ដែលរស់នៅតំបន់ ភូមិកំពង់ត្រាចទី១ (ចំណុចផ្លូវបេតុងឆ្ពោះទៅមន្ទីរពេទ្យ និងតំបន់ព្រំប្រទល់ភូមិ២)។ ក្នុងជំនួបនោះដែរ លោកអភិបាលស្រុកបានយកចិត្តទុកដាក់ខ្ពស់លើការចុះពិនិត្យដល់ទីតាំងដីដែលមានបញ្ហាប្រឈម ឬផលប៉ះពាល់ផ្សេងៗដែលពលរដ្ឋកំពុងជួបប្រទះ និង បើកការពិភាក្សាដោយផ្ទាល់ជាមួយម្ចាស់ដី ដើម្បីស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ និងកាត់បន្ថយជម្លោះដីធ្លីក្នុងសហគមន៍។

 សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងការបង្កើនល្បឿននៃការចុះបញ្ជីដីធ្លី ដើម្បីផ្តល់សិទ្ធិស្របច្បាប់ជូនពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងបង្កើនទំនុកចិត្តលើការគ្រប់គ្រងរដ្ឋបាលដែនដី។

ជាមួយគ្នានេះ រដ្ឋបាលស្រុកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងតំបន់វិនិច្ឆ័យ សូមអញ្ជើញមកពិនិត្យទិន្នន័យឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងការខុសឆ្គងណាមួយនៅពេលអនាគត៕







Powered by Blogger.