ហ្សេលេនស្គី ថារដ្ឋាភិបាលរបស់លោកគ្មានសិទ្ធិកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីដូរយកសន្តិភាពនោះទេ
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី៨ ខែធ្នូ បាននិយាយថារដ្ឋាភិបាលរបស់លោកគ្មានអំណាចផ្លូវច្បាប់ ឬសិទ្ធិកាត់ទឹកដីឱ្យរុស្ស៉ី ដើម្បីដូរយកសន្តិភាពបញ្ចប់សង្រ្គាមនោះទេ។
លោក ហ្សេលេនស្គីធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានមួយតាមប្រព័ន្ធអនឡាញ។
លោក ហ្សេលេនស្គីបានលើកឡើងដូច្នេះថា «តើយើងកំពុងពិចារណាពីការកាត់ទឹកដី
ឬ? នៅក្រោមច្បាប់អ៊ុយក្រែន រដ្ឋធម្មនុញ្ញរបស់យើង
និងច្បាប់អន្តរជាតិ យើងគ្មានសិទ្ធិតាមផ្លូវច្បាប់ដើម្បីធ្វើរឿងនេះឡើយ ហើយយើងក៏មិនមានសិទ្ធិខាងក្រមសីលធម៌ដើម្បីធ្វើវានោះដែរ»។
តាមលោក ហ្សេលេនស្គី
សហរដ្ឋអាមេរិកកំពុងព្យាយាមស្វែងរកការសម្រុះសម្រួលមួយលើបញ្ហាទឹកដីរបស់អ៊ុយក្រែន។ «រុស្ស៉ីកំពុងទទូចឱ្យយើងបោះបង់ចោលទឹកដី ប៉ុន្តែយើងមិនចង់
បោះបង់ចោលអ្វីទាំងអស់។ ដូចដែលអ្នកបានដឹង យើងកំពុងតស៊ូប្រយុទ្ធដើម្បីការពារទឹកដី»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហ្សេលេនស្គី។
បើតាមមន្ត្រីជាន់ខ្ពស់ម្នាក់ដែលស្និទ្ធនឹងកិច្ចចរចាស្វែងរកសន្តិភាពបាននិយាយថា
បញ្ហាទឹកដីអ៊ុយក្រែនគឺជាបញ្ហាខ្ទាស់ធំបំផុតមួយនៅក្នុងកិច្ចចរចា
ខណៈការធានាសន្តិសុខសម្រាប់ទីក្រុងកៀវ ក៏ជាចំណុចខ្ទាស់មួយដែរ៕ (AFP)

Post a Comment