ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅរុស្ស៉ី ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា

 ប្រភព៖ AFP

មូស្គូ៖ វិមានក្រឹមឡាំងបានប្រកាសឱ្យដឹងនៅថ្ងៃអាទិត្យថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចមកកាន់​ប្រទេសរុស្ស៉ី ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែឧសភា ហើយចូលរួមជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងពិធីអបអរខួបទី៨០ នៃទិវាជ័យជម្នះរបស់សហភាពសូវៀតនិងសម្ព័ន្ធមិត្ត លើរបបណាហ្ស៉ីអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។

ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ទៅកាន់រុស្ស៉ីនាសប្តាហ៍ក្រោយ នឹងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី២ របស់លោក នៅក្នុងឆ្នាំ២០២៥នេះ ក្រោយការបំពេញទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងប្រចាំឆ្នាំ នៅតំបន់អាស៊ីគ្នេយ៍មកកាន់​ប្រទេសវៀតណាម ម៉ាឡេស៉ី និងកម្ពុជា កាលពីខែមេសាកន្លងទៅ។

វិមានក្រឹមឡាំង ដែលជាការិយាល័យប្រធានាធិបតីរុស្ស៉ី បាននិយាយថា លោក ស៊ី ក៏នឹងបើកកិច្ចពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ពូទីន ផងដែរ ហើយមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើឯកសារទ្វេភាគីជាច្រើន។ លើកចុងក្រោយដែលលោក ស៊ី បានមកបំពេញទស្សនកិច្ចនៅរុស្ស៉ី គឺកាលពីខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោកបានបន្តជាប់ជា ប្រធានាធិបតីចិន៣អាណត្តិ ដែល​មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ រីឯកាលពីខែឧសភា ឆ្នាំ២០២៤ លោក ពូទីន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្រោយជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៉ី សម្រាប់អាណត្តិទី៥៕



 

Powered by Blogger.