សេចក្តីព្រាងផែនការសន្តិភាពថ្មី បើកផ្លូវឱ្យអ៊ុយក្រែនចូលសហភាពអឺរ៉ុបនៅឆ្នាំ២០២៧

ឡុងដ៍៖ សារព័ត៌មាន Financial Times បានរាយការណ៍ថា អ៊ុយក្រែនគ្រោងនឹងចូលជាសមាជិកសហភាពអឺរ៉ុប (EU) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ក្រោមសំណើសន្តិភាពដែលកំពុងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរបស់រុស្ស៊ី។

កាលវិភាគដ៏រហ័សនេះ នឹងតម្រូវឱ្យមានការសរសេរឡើងវិញនូវនីតិវិធីចូលជាសមាជិករបស់ប្លុកនេះ ព្រោះបច្ចុប្បន្នអ៊ុយក្រែនមិនទាន់បានបញ្ចប់ជាផ្លូវការនូវដំណាក់កាលណាមួយក្នុងចំណោមដំណាក់កាលដ៏តឹងរ៉ឹងទាំង ៣៦ នៅឡើយទេ។ មន្ត្រីដែលគាំទ្របានលើកឡើងថា ការដាក់បញ្ចូលសមាជិកភាពទៅក្នុងកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឱ្យទីក្រុងព្រុចសែលមិនអាចបដិសេធបានឡើយ ព្រោះខ្លាចប៉ះពាល់ដល់ដំណើរការសន្តិភាព។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា ប្រសិនបើកិច្ចព្រមព្រៀងកំណត់ពីពេលវេលាចូលជាសមាជិក នោះអាមេរិកក្នុងនាមជាភាគីនៃកិច្ចព្រមព្រៀង នឹងធានាថាគ្មានប្រទេសអឺរ៉ុបណា (ដូចជាហុងគ្រី) អាចរារាំងផ្លូវរបស់អ៊ុយក្រែនបានឡើយ។

សូមជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកគិតថាអាមេរិក «ជិតឈានដល់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី និងអ៊ុយក្រែនហើយ»។ មន្ត្រីអាមេរិកគ្រោងនឹងចូលរួមកិច្ចប្រជុំនៅអាល្លឺម៉ង់នៅចុងសប្តាហ៍នេះ ដើម្បីដោះស្រាយចំណុចស្មុគស្មាញមួយចំនួន៕



 

Powered by Blogger.