វិមានក្រឹមឡាំង៖ បទឈប់បាញ់អាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាសទាំងមូល

មូស្គូ ជំនួយការនយោបាយការបរទេសវិមានក្រឹមឡាំង លោក យូរី អ៊ូសាកូវ (Yury Ushakov) បានប្រកាសនៅថ្ងៃសុក្រនេះថា បទឈប់បាញ់នៅអ៊ុយក្រែនអាចកើតឡើងបាន លុះត្រាតែកងកម្លាំងរបស់ទីក្រុងកៀវយល់ព្រមដកខ្លួនចេញពីតំបន់ដុនបាស (Donbas) ទាំងមូល។

លោក អ៊ូសាកូវ បានព្រមានថា «បទឈប់បាញ់អាចកើតឡើងបានបន្ទាប់ពីការដកកងទ័ពអ៊ុយក្រែន...ប្រសិនបើមិនតាមរយៈការចរចាទេ នោះទឹកដីនេះនឹងស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់សហព័ន្ធរុស្ស៊ីដោយមធ្យោបាយយោធា»

ទោះជាយ៉ាងណា លោកបានបង្ហើបពីលទ្ធភាពនៃដំណោះស្រាយមួយ ដោយលើកឡើងថា នៅក្រោមផែនការសន្តិភាព តំបន់ដុនបាសដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន អាចនឹងមិនមានវត្តមានកងទ័ពរុស្ស៊ី ឬអ៊ុយក្រែននោះទេ ប៉ុន្តែនឹងត្រូវជំនួសដោយកងឆ្មាំជាតិរុស្ស៊ី (Rosgvardiya) និងប៉ូលិស ដើម្បីរក្សាសណ្តាប់ធ្នាប់។

សូមជម្រាបថា ឆ្មាំជាតិរុស្ស៊ីគឺជាកងកម្លាំងផ្ទៃក្នុងដែលមានចំនួនប្រហែល ៤សែននាក់ ហើយត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងរថក្រោះ និងកាំភ្លើងធំផងដែរ។ បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងតំបន់លូហានស្គ៍ទាំងមូល និងប្រហែល ៨០% នៃតំបន់ដូណែតស្គ៍៕



 

Powered by Blogger.