សហរដ្ឋអាមេរិក ជំរុញឱ្យកម្ពុជានិងថៃ បន្តរក្សាសន្តិភាពនិងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាព

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថា សហរដ្ឋអាមេរិកកំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។

ការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងការល្បាតមួយ ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។

រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់នោះ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕ (Reuters)



 

Powered by Blogger.