១០ខែឆ្នាំនេះ កម្ពុជានាំចេញកសិផលជាង១១លានតោន ទទួលបានចំណូលជាង៤ពាន់លានដុល្លារ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញកសិផលជាង ១១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ៤ពាន់លានដុល្លារ កើនឡើង ចំនួន ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
របាយការណ៍បញ្ជាក់ថា ពីខែមករា ដល់ខែតុលា
ឆ្នាំ២០២៥នេះ ការនាំចេញផលិតផលដំណាំទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្ម
ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុប ១១ ៨៩០ ០០៥,៥៥តោន ក្នុងនោះផលិតផលដំណាំក្រៅពីស្រូវ-អង្ករចំនួន ៥ ៧៤៤ ៤៥៥,៤១តោន ស្រូវចំនួន ៥ ៤៤៦ ៦១១,១៤តោន និងអង្ករចំនួន
៦៩៨ ៩៣៩តោន ដែលបាននាំចេញទៅកាន់ទិសដៅ ៩០ប្រទេស។
របាយការណ៍នេះបានបញ្ជាក់ទៀតថា
ការនាំចេញកសិផល១០ខែនេះ ទទួលបានទឹកប្រាក់ចំនួន ៤ ១៨៣ ១២៦ ៦២៥,៧០ដុល្លារអាមេរិក ក្នុងនោះតម្លៃការនាំចេញផលិតផលដំណាំក្រៅពីស្រូវ-អង្ករ
មានចំនួន ២ ៥៣៤ ៤៩៦ ៤៤៧,២៧ដុល្លារអាមេរិក
តម្លៃពីការនាំចេញស្រូវមានចំនួន ១ ០៩២ ០៩៩ ៩៩៩,៦៨ដុល្លារអាមេរិក
និងតម្លៃពីការនាំចេញអង្ករមានចំនួន ៥៥៦ ៥៣០ ១៧៨,៧៥ដុល្លារអាមេរិក។
ចំពោះការនាំចេញផលិតផលដំណាំក្រៅពីស្រូវទៅប្រទេសថៃមានចំនួន
២៦០ ១៩១ ៦៦២,៧១ដុល្លារអាមេរិក ស្មើនឹង ៦,២២% ធៀបនឹងការនាំចេញសរុប ដោយឡែក ស្រូវពុំមានការនាំ ចេញទៅប្រទេសថៃនោះទេ។
«ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥
មានការកើនឡើងចំនួន ២ ៦៤២ ៣៧៧,៦៩តោន
ក្នុងនោះការនាំចេញស្រូវកើនឡើងចំនួន ១ ៩៨៥ ៣៣៥,៦៦តោន
ការនាំចេញ ផលិតផលដំណាំក្រៅពីស្រូវ-អង្ករកើនឡើងចំនួន ៤៦៥ ១៣២,០៣តោន និងការនាំចេញអង្ករកើនឡើងចំនួន ១៩១ ៩១០តោន
បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤»។
នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្មដដែល។
ជាមួយគ្នានេះ
បន្ទាប់ពីមានការបិទច្រកព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ប្រទេសថៃមក
កម្ពុជាបាននាំចេញផលិតផលដំណាំទៅប្រទេសថៃតាមផ្លូវទឹក មានចំនួន ២ ៣៩៨,២៩តោន ស្មើនឹង ៧ ០៤៩ ០១៥,២២ដុល្លារ អាមេរិក
ដោយគិតចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ដំណាច់ខែតុលា ឆ្នាំ២០២៥។
តែយ៉ាងនេះក្តី ការនាំចេញក្នុងខែតុលា មានចំនួន
៦៧០,១០តោន ស្មើនឹង ១ ២៥០ ៣១៥,៥០ដុល្លារអាមេរិក
មានការថយចុះចំនួន ២៧,៥២% ស្មើនឹង ៤៧៤ ៦១៥,៥០ ដុល្លារអាមេរិក បើធៀបនឹងខែកញ្ញាដែលមានចំនួន ៣៧៧,៤០តោន ស្មើនឹង ១ ៧២៤ ៩៣១ដុល្លារអាមេរិក។
ក្រសួងកសិកម្មបានបញ្ជាក់ផងដែរថា
ការនាំចេញផលិតផលដំណាំក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ ទោះបីមានកំណើនចំនួន២៨,៥៧% ក៏ពិតមែន តែផលិតផលដំណាំមួយចំនួនមានការថយចុះ
ដែលបណ្តាលមកពីមូលហេតុមួយចំនួន។ ក្នុងនោះការនាំចេញដំឡូងមីស្រស់ថយចុះ
ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃ ជាម្សៅ
ដើម្បីអាចរក្សាទុកបានយូរ និងមានតម្លៃខ្ពស់។ ជាក់ស្តែង ក្នុងរយៈពេល១០ខែ
ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីក្រៀមកើនឡើងចំនួន ៦០,៩១%
និងម្សៅដំឡូងមីកើនឡើងចំនួន ៨២,៥៩%
បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕

Post a Comment