រដ្ឋមន្ត្រី ហួត ហាក់ ស្នើក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បង្កើនជើងហោះហើរត្រង់មកកម្ពុជា
ម៉ាឡេស៊ី៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលប្រព្រឹត្តទៅនៅទីក្រុងម៉ាឡាកា, នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ជួបពិភាក្សាការងារជាមួយលោក Dersenish Aresandiran តំណាងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរណ៍
Malaysia
Airlines ដែលបានចូលរួមជំរុញកំណើនភ្ញៀវទេសចរមកកម្ពុជា
ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន នាពេលកន្លងមក, ឯកឧត្តមរដ្ឋមន្ត្រី
បានគូសបញ្ជាក់ថាផ្លែផ្កានះកើតចេញមកពីកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធរវាងប្រទេសទាំងពីរ
កម្ពុជា-ម៉ាឡេស៊ី នៅគ្រប់កម្រិត និងគ្រប់វិស័យ
ដោយរាប់តាំងពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ, ចំណងការទូតដែលមានរយៈពេលជាង៦៨ឆ្នាំ
និងជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា
ជាមួយនឹងសម្បទាតភ្ជាប់គ្រប់គ្រាន់របស់កម្ពុជា មានដូចជា
អាកាសយានដ្ឋានអន្តរជាតិតេជោប្រភេទខ្នាត 4F, អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, ទាំងអស់នេះគឺជាបច្ច័យវិជ្ជមានដែលចូលរួមជំរុញកំណើនភ្ញៀវទេសចរវាងប្រទេសទាំងពីរ
ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិពីជុំវិញពិភពលោកដែលធ្វើដំណើរតាមរយៈប្រទេសម៉ាឡេស៊ី
មកទស្សនាកម្ពុជា។
ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី
បានស្នើសុំក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត
ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងសម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី
បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ មកភ្នំពេញ
និងបង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍កម្ពុជា
និងក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines នឹងជំរុញការធ្វើទីផ្សារ
និងផ្សព្វផ្សាយទេសចរណ៍កម្ពុជារួមគ្នាដើម្បីទាក់ទាញភ្ញៀវទេសចរម៉ាឡេស៊ី
និងអន្តរជាតិមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។
សូមបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ Malaysia
Airlines មានជើងហោះហើរត្រង់ទៅមក ភ្នំពេញ-កូឡាឡាំពួរ ចំនួន ៤ជើង
ជារៀងរាល់ថ្ងៃ ។ ជាសមាជិករបស់ Oneworld Alliance ក្រុមហ៊ុនអាកាសចរណ៍នេះ
មានជើងហោះហើរទៅគោលដៅជាង៩០០ ក្នុងតំបន់/ទីក្រុងចំនួន ១៧០ នៅទូទាំងពិភពលោក។
សូមបញ្ជាក់ជូនបន្ថែមទៀតថា ក្រៅពីក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines, សម្ព័ន្ធអាកាសចរណ៍ម៉ាឡេស៊ី ក៏មានក្រុមហ៊ុនអាកាសចរណ៍ Firefly ផងដែរ ដែលធ្វើប្រតិបត្តិការហោះហើរនៅក្នុងស្រុក និងនៅក្នុងតំបន់អាស៊ាន៕






Post a Comment