ក្រសួងការបរទេសកម្ពុជា៖ កងទ័ពកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះដែលរំលោភបទឈប់បាញ់ និងព្យាយាមដោយស្មោះត្រង់ ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង
ភ្នំពេញ៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា សូមបដិសេធដាច់អហង្ការចំពោះសេចក្តីប្រកាសរបស់ ក្រសួងការបរទេសថៃ ចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដែលចោទប្រកាន់ខុសពីការពិតថា កម្ពុជាបានរំលោភលើបទឈប់បាញ់ ដែលបានឯកភាពគ្នាកាលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នៅប្រទេសម៉ាឡេស៊ី។
ជាថ្មីម្តងទៀតកម្ពុជាសូមទាត់ចោលទាំងស្រុងការបន្តប្រឌិតអះអាងរបស់ថៃនេះ
ដូចដែលបានធ្វើរួចមកហើយនៅក្នុងសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា
ចេញថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
កងកម្លាំងប្រដាប់អាវុធកម្ពុជាពុំបានធ្វើសកម្មភាពណាមួយទាល់តែសោះ
ដែលចាត់ទុកថាជាការរំលោភលើបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា។
កម្ពុជាព្យាយាមដោយស្មោះត្រង់
ដើម្បីសម្រេចកិច្ចព្រមព្រៀងបញ្ចប់ជម្លោះប្រដាប់អាវុធទាំងស្រុង
ក្នុងបំណងចៀសវាងការបាត់បង់អាយុជីវិតមនុស្ស ដោយមិនចាំបាច់បន្ថែមទៀត
ក៏ដូចជាការរងទុក្ខរបស់ប្រជាជនរាប់ម៉ឺននាក់ ដែលត្រូវរត់ចោលលំនៅដ្ឋាន ដោយសារតែការ
ប្រយុទ្ធគ្នា កម្ពុជាបញ្ជាក់ជាថ្មីយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តឥតងាករេក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាប្រកបដោយប្រសិទ្ធភាព
និងពេញលេញ ព្រមទាំងការដោះស្រាយជម្លោះជាមួយប្រទេសថៃដោយសន្តិវិធី។
បច្ចុប្បន្ននេះ
គឺជាពេលវេលាដែលត្រូវផ្តោតការគិតគូរទៅលើគោលដៅចម្បង ក្នុងស្តារសន្តិភាព និងរក្សាចីរភាពនៃសន្តិភាព
ដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ និងស្ថិរភាពក្នុងតំបន់ទាំងមូល។ ក្នុងន័យនេះ
កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តដ៏មុតមាំរបស់
ប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ានបច្ចុប្បន្ន
ដែលបានចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការបង្កើតយន្តការត្រួត ពិនិត្យ និងរាយការណ៍
សំដៅធ្វើយ៉ាងណាឲ្យបទឈប់បាញ់ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពតាមការព្រមព្រៀងគ្នា។
កម្ពុជាក៏សូមវាយតម្លៃខ្ពស់ផងដែរចំពោះការ
គាំទ្ររបស់ប្រទេសសមាជិកអាស៊ាន និងប្រទេសផ្សេងទៀតដែលយកចិត្តដាក់
ក្នុងការធ្វើអោយបទឈប់បាញ់មានស្ថិរភាពថិតថេរយូរអង្វែង៕
Post a Comment