៣ខែដើមឆ្នាំ២០២៥ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារកើនឡើង ២០.១%
ភ្នំពេញ៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ
ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ
បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
លោកបានបន្តថា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ
ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន ១៩,៩ភាគរយ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ។
លោក ស៊ុន មេសា បានបញ្ជាក់ថា៖«ក្នុងរយៈពេលបីខែតាមឆ្នាំ ២០២៥នេះ
សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការនាំចេញផ្នែកផលិតផលធ្វើដំណើរវាយនភ័ណ្ឌវិស័យកាត់ដេររបស់យើង
គឺកើនឡើងប្រមាណជាង 20ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ
និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច
ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាវិញបានល្អប៉ុណ្ណេះ
គួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា»។
ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា
(NLC)បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា
មិនមានបញ្ហាអ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ
ហើយកំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ
ក៏មានការកើនឡើងជាបន្តបន្ទាប់តាមរយៈលំហូរវិនិយោគពីបរទេស
ដោយសារនិយោជកបរទេសមានភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលរក្សាបាននូវសន្ដិភាពពេញលេញ។
លោកបញ្ជាក់ថា៖«ក្នុងនាមសហជីព
ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញតួលេខកំណើននៃនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ
ព្រោះជាការបង្ហាញឱ្យឃើញថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា
មិនមានផលប៉ះពាល់អ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ»។
លោកបានគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ
និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជុំវិញកំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា
ដោយសារនេះជាស្ថានភាពជាក់ស្ដែងដែលឆ្លុះបញ្ចាំងឱ្យឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។
លោកបានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងាររបស់ខ្លួនទៅមុខទៀត
ដោយចៀសវាងការជឿតាមការញុះញង់ពីបុគ្គលមួយចំនួននៅក្រៅប្រទេស
និងអង្គការចាត់តាំងក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែសន្និដ្ឋានខុសពីការពិតដោយគ្មានភ័ស្ដុតាងជាក់លាក់៕
Post a Comment