ទណ្ឌិតចំនួន ២៩៦នាក់ ត្រូវបានបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ឱ្យដឹងថា យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទាន ការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២៩៦ នាក់ (ស្រី ២៨នាក់)។
ក្នុងចំណោមទណ្ឌិតចំនួន ២៩៦
នាក់ដែលត្រូវបន្ធូរបន្ថយទោសរួមមាន៖
-បន្ធូរបន្ថយទោស ៣ខែ ចំនួន ២០៧ នាក់ (ស្រី ១៨ នាក់)
- បន្ធូរបន្ថយទោស ៦ខែ ចំនួន ៧០ នាក់ (ស្រី ៥ នាក់)
- បន្ធូរបន្ថយទោស ៩ខែ ចំនួន ១៧ នាក់ (ស្រី ៣ នាក់)
- បន្ធូរបន្ថយទោស ១២ខែ ចំនួន ០២នាក់ (ស្រី ២ នាក់)។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ទៀតថា
ជាមួយគ្នានេះ គណៈកម្មការជាតិក៏បានសម្រេចដាក់បញ្ចូលទណ្ឌិតចំនួន ៤រូប
ចូលក្នុងបញ្ជីដែលមិនអាចទទួលបានការអនុគ្រោះទោស ដោយទុកឱ្យអនុវត្តទោសចប់ក្នុងពន្ធនាគារ
ចំពោះករណីរំលោភកូនបង្កើត ចៅបង្កើត និងរំលោភក្មេងអាយុ ៦ឆ្នាំ និង១០ឆ្នាំ។
ឯកឧត្តមបានបញ្ជាក់ជូនជាថ្មីថា
គណៈកម្មការថ្នាក់ជាតិ ពុំលើកយកមកពិនិត្យពិចារណានោះឡើយ
ចំពោះសំណើទាំងឡាយណាទាក់ទងនឹងទណ្ឌិត ដែលបានប្រព្រឹត្តអំពើដូចខាងក្រោម៖
១៖ ចំពោះបទល្មើសទូទៅ
- ឧក្រិដ្ឋជនគ្រឿងញៀន
- អំពើសាហាវយង់ឃ្នង
- ករណីមិនរាងចាល
- ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិ ឬសហព័ទ្ធ
- ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការ ឬមន្ត្រីសាធារណៈ
- ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសច្រើនដងលើសពី
១ភាគ៣នៃរយៈពេលផ្តន្ទាទោស។
២៖ ចំពោះបទល្មើសរំលោភផ្លូវភេទ
- ជនរងគ្រោះជាអនីតិជនអាយុក្រោម១៣ឆ្នាំ
- ជនរងគ្រោះជាជនមានវិបល្លាសស្មារតី ឬពិការ ឬមានផ្ទៃពោះ
- ជនរងគ្រោះជាសាច់សាលោហិត
- ករណីរំលោភបូក
- ករណីប៉ុនប៉ង ឬបៀតបៀនកេរខ្មាសលើជនរងគ្រោះជាសាច់សាលោហិត៕
Post a Comment