អាមេរិកនិងចិន ព្រមព្រៀងគ្នាទម្លាក់ពន្ធគយចុះមកវិញរហូតដល់១១៥ភាគរយ

 ប្រភព៖ Reuters

ប៉េកាំង៖ នៅថ្ងៃចន្ទ ទី១២ ខែឧសភា សហរដ្ឋអាមេរិកនិងចិន បានប្រកាសថា ប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ដើម្បីទម្លាក់ពន្ធគយបដិការចុះមកវិញ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងទីបំផុត ព្យាយាមបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានបង្កភាពរង្គោះរង្គើជាខ្លាំង ចំពោះសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

សេចក្តីប្រកាសខាងលើកើតមានឡើង ក្រោយជំនួបចរចាលើកដំបូងបំផុត ស្តីពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិង​ចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស និងបញ្ចប់ទៅជាមួយលទ្ធផលវិជ្ជមាន កាលពីចុងសប្តាហ៍មុន។

រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អាមេរិកនិងចិនបាន ឈានដល់ កិច្ចព្រមព្រៀងផ្អាកចំណាត់ការពន្ធបដិការរយៈពេល៩០ថ្ងៃ ហើយពន្ធនេះ នឹងត្រូវទម្លាក់ចុះមកវិញក្នុងអត្រា១១៥ភាគរយ។ កន្លងមក អំឡុងការកើនឡើងកម្តៅនៃជម្លោះពាណិជ្ជកម្ម អាមេរិកបានដំឡើងពន្ធបដិការសរុបដល់១៤៥ភាគរយ លើទំនិញរបស់ចិន ខណៈចិនបានឆ្លើយតបវិញ ដោយដំឡើងពន្ធ១២៥ ភាគរយលើទំនិញរបស់អាមេរិក។ ប្រការនេះមានន័យថា តាមរយៈការព្រមព្រៀងខាងលើ ពន្ធអាមេរិកលើចិន នឹងត្រូវធ្លាក់មកនៅត្រឹម៣០ភាគរយ ខណៈពន្ធចិនលើអាមេរិក នឹងធ្លាក់មកត្រឹម១០ភាគរយ៕



 

Powered by Blogger.