តុលាការធម្មនុញ្ញកូរ៉េខាងត្បូង សម្រេចដកតំណែងលោក Yoon Suk Yeol
ប្រភព៖ AFP
សេអ៊ូល៖ ប្រធានាធិបតីព្យួរតំណែង កូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការធម្មនុញ្ញសម្រេចដកតំណែងជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី៤ ខែមេសា ដែលនេះនឹង ត្រួសត្រាយផ្លូវឱ្យមានការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី។
លោក Yoon Suk Yeol ដែលត្រូវបានសភាគ្រប់គ្រងដោយក្រុមគណបក្សប្រឆាំង ព្យួរតំណែងកាលពីថ្ងៃទី១៤
ខែធ្នូ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤
ក៏កំពុងប្រឈមមុខនឹងការស៊ើបអង្កេតព្រហ្មទណ្ឌ ក្រោមបទចោទប្រកាន់បះបោរផងដែរ។
តាមរយៈសាលក្រមសម្រេចរបស់តុលាការធម្មនុញ្ញកូរ៉េខាងត្បូង
ដោយទទួលយកសេចក្ដីសម្រេចរបស់សភាដែលបានបោះឆ្នោតគាំទ្រការដកតំណែងរបស់លោក Yoon
បានធ្វើឱ្យរូបលោក ក្លាយជាប្រធានាធិបតីទី២ របស់កូរ៉េខាងត្បូង
ដែលត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីលោកស្រី Park ដែលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងនៅខែមីនា
ឆ្នាំ២០១៧។ ចៅក្រមទាំង៨រូបនៃតុលាការធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទជាមួយការតម្កល់ទុកជាបានការនូវសេចក្ដីសម្រេចដកតំណែងលោក
Yoon ដោយសភាជាតិ។
ក្រោយការដកតំណែងលោក Yoon
នេះដែរ
កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី
ក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងពេលបច្ចុប្បន្ន មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលជា
បក្សប្រឆាំងដ៏សំខាន់មួយនៅកូរ៉េខាងត្បូង គឺលោក Lee Jae-myung កំពុងមានប្រជាប្រិយភាពនាំមុខគេក្នុងការស្ទង់មតិ។
តែក្រុមអ្នកវិភាគយល់ថាវាដូចជាលឿនពេកដែលត្រូវនិយាយថា លោក Lee អាចនឹងទទួលបានជ័យជម្នះក្នុងការបោះឆ្នោតណាមួយ
ខណៈមានគម្លាតនៃការគាំទ្រត្រឹម ៦ពិន្ទុប៉ុណ្ណោះរវាងគណបក្សរបស់លោក និងគណបក្សអំណាចប្រជាជន
People Power Party (PPP) របស់លោក Yoon។
សូមជម្រាបថា ប្រសិនបើតុលាការរកឃើញថាលោកពិតជាមានពិរុទ្ធលើបទចោទបះបោរពិតមែន
នោះលោកអាចប្រឈមមុខ នឹងទោសជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត៕

Post a Comment