កូរ៉េខាងជើង ថ្កោលទោសគម្រោងផលិតមីស៊ីលរួមគ្នា រវាងជប៉ុននិងអាមេរិក
ប្រភព៖ Reuters
ព្យុងយ៉ាង៖ កូរ៉េខាងជើងថ្កោលទោសចំពោះ ការព្រមព្រៀងគ្នានាពេលថ្មីៗនេះ រវាងជប៉ុននិងសហរដ្ឋអាមេរិក ស្តីពីការផលិតរួមគ្នានូវមីស៊ីលប្រភេទ air-to-air ដោយចោទថា វាជាការបង្កើនហានិភ័យសន្តិសុខនៅក្នុងតំបន់ និងជាឧទាហរណ៍មួយទៀត នៃការឈ្មុសឈ្មុលរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើយោធូបនីយកម្មប្រទេស ជប៉ុន។
នៅទីក្រុងតូក្យូ លោក Hegseth
និងសមភាគីជប៉ុន បានឯកភាពគ្នាពន្លឿនផែនការ ស្តីពីការរួមគ្នាផលិតមីស៊ីល
air-to-air ហើយនឹងពិចារណារួមគ្នា ផលិតមីស៊ីលប្រភេទផ្សេងៗទៀត។
ប្រមុខការពារជាតិអាមេរិករូបនោះ បានសង្កត់ធ្ងន់អំពីសារសំខាន់នៃតួនាទីរបស់ជប៉ុន
ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ចិន ហើយចាត់ទុកជប៉ុន ជាសសរគ្រឹះមួយនៃសន្តិសុខ នៅអាស៊ី-ប៉ាស៊ីហ្វិក។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA
បានលើកឡើងដោយស្រង់សម្តីរបស់មន្រ្តីមួយរូប
នៅក្រសួងការពារជាតិកូរ៉េខាងជើងថា ក្នុងគ្រាដែលសហរដ្ឋអាមេរិក កំពុងដំឡើងសមត្ថភាពទីបញ្ជាការយោធារបស់ខ្លួននៅជប៉ុន
កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងការផលិតមីស៊ីលរួមគ្នា
គឺច្បាស់ណាស់មានបង្កប់ចេតនាយោធាអាក្រក់ សំដៅមកលើបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់។
មន្រ្តីរូបនោះបានសំដៅទៅលើ មីស៊ីល AIM-120
ប្រភេទ air-to-air (សម្រាប់បាញ់ពីយន្តហោះទៅគោលដៅលើផ្ទៃអាកាស)
ដែលសហរដ្ឋអាមេរិក និងជប៉ុន បានព្រមព្រៀងពន្លឿនការរួមគ្នាផលិត
អំឡុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth នៅទីក្រុងតូក្យូ កាលពីចុងសប្តាហ៍មុន។
មន្រ្តីកូរ៉េខាងជើង បាននិយាយថា
ការពន្លឿនការដាក់ពង្រាយអាវុធបែបនេះ ប្រើប្រាស់ដោយយន្តហោះ ដែលចូលរួម
ក្នុងការធ្វើសមយុទ្ធយោធាជាញឹកញាប់ នៅក្នុងតំបន់
ដែលបានបង្កការគំរាមកំហែងសន្តិសុខធ្ងន់ធ្ងរ រួចស្រេចទៅហើយនោះ
នឹងបន្ថែមធាតុថ្មីទៀតនៃអស្ថិរភាពផ្នែកយុទ្ធសាស្រ្ត មកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
មន្រ្តីដដែលបានបន្តថា ការព្រមព្រៀងគ្នានោះ គឺស្របពេលដែលអាមេរិក
បានចូលរួមផ្សំគំនិតនិងជំរុញ កិច្ចប្រឹងប្រែងកសាងយោធាឱ្យធំឡើងវិញ របស់ជប៉ុន៕

Post a Comment