អ្នកនាំពាក្យក្រសួងកសិកម្ម៖ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនោះឡើយ
ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ " បានបញ្ជាក់ថា កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣ ០០០តោនក្នុងមួយឆ្នាំនោះទេ"។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២
ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងកសិកម្មបានគូសរំលេចថា ក្នុងឆ្នាំ២០២៤
យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ ម៉ឺនតោន
និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣ម៉ឺនតោន។
កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥ម៉ឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ
។ឯកឧត្តមសង្កត់ធ្ងន់ថា "
គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ
៣០០០តោនក្នុងមួយឆ្នាំ"។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងកសិកម្មជាការបំភ្លឺនិងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI)
ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន ស៊ីឡុត
ប្រធានសមាគមស្វាយចន្ទីកម្ពុជានិយាយអំពីការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទី។
"សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល
ប្រសិនបើមានប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ក្នុងតម្លៃខ្ពស់ពីទីផ្សារ
និងមានផ្តល់ប្រាក់កក់មុន៥០ភាគរយ ដូចដែលបានអះអាងពិតមែន(លោក អួន
ស៊ីឡូត)"។ឯកឧត្តមអ្នកនាំពាក្យបន្តថា
ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ
មិនមែនលាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ។
អ្នកនាំពាក្យដដែលបន្ថែមថា
មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា
ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។
ផ្ទុយទៅវិញការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥
អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤។ចំណែកការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញអន្តរជាតិមិនបណ្តាលឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ៕

Post a Comment