ពិធីបុណ្យចូលឆ្នាំនៅខេត្តស្ទឹងត្រែងឆ្នាំ២០២៥ នឹងមានព្រឹត្តិការណ៍ទាញព្រ័ត្រមហិមាប្រវែង២០០ម៉ែត្រ
អត្ថបទ៖ ដេង ម៉ាវិន
ខេត្តស្ទឹងត្រែង៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬមហាសង្រ្កាន្ត នឹងឈានចូលមកដល់នៅថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ។សម្រាប់ខេត្តស្ទឹងត្រែងនៅថ្ងៃអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ នឹងមានរៀបចំព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រានដ៏ធំនៅទីលាននាគជ័យមុខសាលាខេត្តផងដែរ។
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី២០២៥ នៅក្នុងខេត្តស្ទឹងត្រែងនេះ ថ្នាក់ដឹកនាំខេត្តនឹងរៀបចំព្រឹត្តិការណ៍ស្ទឹងត្រែងសង្រ្កាន្តឆ្នាំ២០២៥ ឲ្យមានភាពអធិកអធមដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ។ ប៉ុន្តែអ្វីដែលគួរឲ្យគត់សម្គាល់និងចម្លែកប្លែកជាងឆ្នាំមុនៗនោះ គឺរដ្ឋបាលខេត្តបានដាក់បញ្ចូលនូវល្បែងប្រជាប្រិយ៍ទាញព្រ័ត្រមហិមា ដែលព្រ័ត្រនេះមានប្រវែងរហូតដល់២០០ម៉ែត្រផងដែរ ។
លោក ហ៊ាង ប៉ូលី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង និងជាប្រធានអនុគណៈកម្មការព្រ័ត្រមហិមាបានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃក្នុងព្រឹត្តិការណ៍ស្ទឹងត្រែងសង្ក្រាន្ត និងមានការរៀបចំល្បែងប្រជាប្រិយទាញព្រ័ត្រដែលមានប្រវែង២០០ម៉ែត្រ និងទំងន់៣០០គីឡូក្រាម ។ លោកបញ្ជាក់ថា សម្រាប់សកម្មភាពដែលបងប្អូនប្រជាពលរដ្ឋបានឃើញនៅថ្ងៃទីនារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥នេះ គឺគ្រាន់តែជាការដង្ហែរព្រ័ត្រយកទៅទុកនៅមន្ទីរអបរំយុវជននិងកីឡាខេត្ត ហើយក៏ជាការទាញព្រ័ត្រសាកល្បងលើកទី១ តែប៉ុណ្ណោះ ។ រីឯការទាញព្រ័ត្រសាកល្បងលើកទី១នាថ្ងៃនេះមានការចូលរួមពីសំណាក់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូចំនួន១១១៣នាក់ មកពីវិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យហ៊ុន សែន ស្ទឹងត្រែង ។
គួរបញ្ជាក់ផងដែរថាល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែរទាំងបុរស ទាំងស្រ្ដី កម្លោះ ក្រមុំ ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយនិងលេងនៅក្នុងរដូវចូលឆ្នាំខ្មែរតែប៉ុណ្ណោះ។ អ្វីដែលពិសេសល្បែងប្រជាប្រិយ៍ទាញព្រ័ត្រនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥កន្លងមកផងដែរ៕









Post a Comment