រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា
ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ អញ្ជើញចុះពិនិត្យស្ថានភាពសំណង់អាងទឹកតាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរាល់ ខេត្តកំពង់ស្ពឺ ក្រោយកើតមានបាតុភូតរញ្ជួយដីថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា។
ទំនប់អាងទឹកតាសាលបានសាងសង់ឡើងក្នុងឆ្នាំ២០១១
ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា
ដែលមានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០លានម៉ែត្រគូប មានផ្ទៃរងទឹកភ្លៀង
៤៦៥គីឡូម៉ែត្រការ៉េ និងមានសំណង់សំខាន់ៗដូចជា៖ ទំនប់បេតុងប្រវែង ៧២០ម៉ែត្រមានកម្ពស់
២១ម៉ែត្រនិងខ្នងលើ ៦ម៉ែត្រ និងទំនប់បង្ហៀរប្រវែង ៩២,៥០ម៉ែត្រ
ព្រមទាំងសំណង់សិល្បការ្យមួយចំនួនទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា
ទំនប់អាងទឹកតាសាល
បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកតោ្នត
និងសម្រាប់បម្រើឱ្យការងារស្រោចស្រពក្នុងវិស័យកសិកម្ម ជួយប្រព័ន្ធអេកូឡូស៊ី
និងជួយផ្គត់ផ្គង់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមដងស្ទឹងព្រែកត្នោតនារដូវប្រាំង
ព្រមទាំងសម្រាប់ការប្រើប្រាស់ពហុវិស័យ
ហើយក៏ជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី
បានណែនាំដល់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់
ដែលមានសំណង់អាងទឹក និងសំណង់ធារាសាស្ត្រធំៗ ត្រូវចាត់ក្រុមការងារបច្ចេកទេស
ដើម្បីចុះត្រួតពិនិត្យផលប៉ះពាល់លើសំណង់ទាំងអស់ ហើយធ្វើរបាយការណ៍មកក្រសួង។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១៣និង២០នាទី
ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើងស្ថិតនៅចម្ងាយ
១៦គីឡូម៉ែត្រភាគពាយ័ព្យនៃទីក្រុងសាហ្គាំង (Sagaing) ក្នុងប្រទេសមីយ៉ាន់ម៉ា។
ការរញ្ជួយនេះបានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ
និងមានឥទ្ធិពលមកស្រទាប់ខាងលើនៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧
រ៉ិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួនរួមមាន៖ ប្រទេសមីយ៉ាន់ម៉ា
បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន។ ដោយឡែក ប្រទេសកម្ពុជា
ក៏ទទួលរងនូវឥទ្ធិពលនេះផងដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ៕











Post a Comment