អ៊ុយក្រែនថា រុស្ស៊ីបន្តវាយប្រហាររោងចក្រថាមពល ក្រោយបានព្រមព្រៀងគ្នាផ្អាកការវាយប្រហារ

 ប្រភព៖ Reuters

កៀវ៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងនៅថ្ងៃពុធថា រុស្ស៊ីបានវាយប្រហារទៅលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន ៨ កន្លែង ចាប់តាំងពីថ្ងៃទី ១៨ ខែមីនា នៅ​ពេល​ដែល​ទីក្រុង​ម៉ូស្គូ​ព្រមព្រៀងផ្អាក​ការ​វាយ​ប្រហារ​បែប​នេះ។

អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Ihor Zhovkva បានថ្លែងប្រាប់ទូរទស្សន៍ជាតិថា ការវាយប្រហារទាំងនេះបានកើតឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ី។ ទន្ទឹមនោះ លោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង ដែលបានលើកឡើងថា មានលក្ខខណ្ឌមួយចំនួនត្រូវបំពេញ មុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមាន។

លោក Zhovkva បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានលក្ខខណ្ឌណាមួយត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកទេ នៅពេលដែលពួកគេបានព្រមព្រៀង លើបទឈប់បាញ់នៅសមុទ្រខ្មៅជាមួយរុស្ស៊ី ក្នុងអំឡុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុន៕



 

Powered by Blogger.