រដ្ឋមន្ត្រី ឌិត ទីណា លេីកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករ
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណេីរ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យការច្រូតស្រូវរបស់ប្រជាកសិករ នៅឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
តំណាងកសិករដាំស្រូវឃុំរហាល លោក តាំង ប៊ុននេត បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំជួយសម្របសម្រួលជាមួយកសិករទាន់ពេលវេលា និងជួយអន្តរាគមន៍តម្លៃស្រូវជាមួយរោងម៉ាស៊ីនកិនស្រូវឱ្យទទួលបានតម្លៃសមរម្យ និងទទួលបានផលចំនេញ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យកសិករចូលរួមចងក្រងសហគមន៍កសិកម្មទំនេីប ដែលមានការធ្វេីរួមគ្នា មានផែនការច្បាស់លាស់ និងទទួលបានផលចំនេញរួមគ្នា។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលេីកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ ខិតខំបន្តការងារជួយដល់កសិករក្នុងឃុំរហាលបន្ថែមទៀត សំដៅជួយជាជំនួយបច្ចេកទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
Post a Comment