អភិបាលរងខេត្តកែបស្នើដល់និយ័តករធានារ៉ាប់រងកម្ពុជាជំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តកែប
ខេត្តកែប៖ ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច”ដែលរៀបចំដោយនិយ័តករធានារ៉ាប់រងកម្ពុជា លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្តកែប បានលើកទឹកចិត្ត និងសំណូមពរដល់និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញឲ្យមានការវិនិយោគបើកសាខាក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងខេត្តកែប សំដៅបង្កើតការងាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងរួមចំណែកក្នុងការសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុក៏ដូចជាការបង្កើតបរិយាកាសធុរកិច្ចឲ្យកាន់តែល្អប្រសើរដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងបង្កើតការងារដល់ពលរដ្ឋក្នុងខេត្តផងដែរ។
លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានថ្លែងថាទោះបីជាសេដ្ឋកិច្ចសកលលោកបន្ដជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្ដី
ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់៦%
ក្នុងឆ្នាំ២០២៤ នេះ។ លោកស្រីបន្តថា ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១”
និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥”
របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា វិស័យធានារ៉ាប់រងនៅកម្ពុជា
បាននិងកំពុងដើរតួនាទីជាសមាសភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ
ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព
និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ
គ្រួសារ និងម្ចាស់អាជីវកម្មនានា។
លោកស្រីថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ
ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ
ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៤០ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រ-កម្ពុជា ជាមួយនឹងទំហំបុព្វលាភដុលជាង ៣៧០លានដុល្លារអាម៉េរិក
និងទ្រព្យសកម្មសរុបជាង ១,២ប៊ីលានដុល្លារអាម៉េរិក និងមានផលិតផលសម្បូរបែបជាអាទិ៍៖
ផលិតផលធានារ៉ាប់រងអាយុជីវិត, ធានារ៉ាប់រងសុខភាព, ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល, ធានារ៉ាប់រងទ្រព្យសម្បត្តិ, ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត, ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានា-រ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។
យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤
ទំហំទីផ្សារនេះ បានរួមចំណែកក្នុងសេដ្ឋកិច្ចតែប្រមាណ ១.១៧% ប៉ុណ្ណោះ
ដោយមនុស្សម្នាក់ប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណតែ ២២ដុល្លារអាម៉េរិក។
ការណ៍នេះបានបង្ហាញឱ្យឃើញថាទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជា
មានកម្រិតទាបបើធៀបនឹងទីផ្សារនានាក្នុងតំបន់ ដែលបណ្តាលមកពីកត្តាមួយចំនួនដូចជា
កង្វះការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង
និងកង្វះការយល់ដឹងរបស់ស្ថាប័នមានសមត្ថកិច្ចអំពីការធានារ៉ាប់រងជាកាតព្វកិច្ច
ដែលការណ៍នេះបណ្តាលឱ្យកិច្ចសហការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចមិនទាន់សកម្មនិងមុតស្រួច
ដូចដែលបានកំណត់ដោយច្បាប់ជាធរមាន។
លោកស្រីបញ្ជាក់ថាយោងតាមច្បាប់ស្តីពីការធានារ៉ាប់រងដែលបានអនុម័តដាក់ឱ្យប្រើប្រាស់
តាំងពីឆ្នាំ ២០០០ និងបានកែសម្រួលជំនួសដោយច្បាប់ស្តីពីការធានារ៉ាប់រង នាឆ្នាំ ២០១៤
បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖
១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ដែលកំណត់ថា ម្ចាស់យានយន្តដែលប្រកបអាជីវកម្មក្នុងព្រះរាជាណាចក្រកម្ពុជា
ត្រូវមានការធានារ៉ាប់រងយានយន្តរបស់ខ្លួនពីក្រុមហ៊ុនធានារ៉ាប់រងណាមួយ
លើភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជន
ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរបង្កឡើងដោយយានយន្ដរបស់ខ្លួន។
២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ ដែលកំណត់ថា ប្រតិបត្តិករអាជីវកម្មដឹកជញ្ជូនអ្នកដំណើររួមទាំងភ្ញៀវទេសចរតាមមធ្យោបាយដឹកជញ្ជូននានា
ត្រូវមានការធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះអ្នកដំណើរ ដែលជិះតាមមធ្យោបាយដឹក-ជញ្ជូនរបស់ខ្លួន ទោះបីមធ្យោបាយនោះចរាចរតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស
ឬផ្លូវដែកក៏ដោយ។
៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ដែលកំណត់ថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយដែលជាម្ចាស់ការដ្ឋាន
ត្រូវមានភស្តុតាងបញ្ជាក់ថា
ខ្លួនមានកិច្ចសន្យាធានារ៉ាប់រងលើភារៈទទួលខុសត្រូវការដ្ឋាន ដែលធានាសំណងជូនជនរងគ្រោះ
ដែលរងផលប៉ះពាល់ទាំងរូបរាងកាយ និងទ្រព្យសម្បត្តិ ដែលបង្កដោយសកម្មភាពរបស់ការដ្ឋាន។
លោកស្រីបន្ថែមថា
ជារួមច្បាប់បានកំណត់ជាកាតព្វកិច្ចដល់ម្ចាស់យានយន្តប្រកបអាជីវកម្ម ម្ចាស់អាជីវកម្មដឹកជញ្ជូនអ្នកដំណើរ
និងម្ចាស់ការដ្ឋានសាងសង់ ត្រូវទិញធានារ៉ាប់រងភារៈទទួលខុសត្រូវចំពោះរាល់ការខូចខាតបង្កឡើងដល់តតិយជនដែលបណ្តាលមកពីសកម្មភាពរបស់ខ្លួន
ជាមួយនោះផងដែរ
ច្បាប់ក៏បានកំណត់ទោសទណ្ឌចំពោះបុគ្គលដែលល្មើសមិនអនុវត្តតាមកាតព្វកិច្ចទាំងនេះ។
គួរបញ្ជាក់ផងដែរថា
យោងតាមទិន្នន័យបច្ចុប្បន្ន ចំនួនយានយន្តដែលបានចុះបញ្ជី
ប្រកបអាជីវកម្មដឹកជញ្ជូនទំនិញមានចំនួនប្រមាណ ៨៤,០០០ គ្រឿង និងចំនួនយានយន្តដែលបានចុះបញ្ជីប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមានចំនួនប្រមាណ
២៣,០០០ គ្រឿង។ ដោយឡែក ចំពោះចំនួនបណ្ណសន្យារ៉ាប់រងយានយន្តប្រកបអាជីវកម្មដឹកជញ្ជូនទំនិញដែលមានធានារ៉ាប់រង
មានចំនួនប្រមាណ ២២,០០០បណ្ណ និង ចំនួនបណ្ណសន្យារ៉ាប់រងយានយន្តប្រកបអាជីវកម្មដឹកជញ្ជូន អ្នកដំណើរដែលមានធានារ៉ាប់រង
មានចំនួនប្រមាណ ១១,០០០បណ្ណ។
ដោយឡែក ចំនួនបណ្ណសន្យារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋានមានចំនួនត្រឹមតែ
៩៤០បណ្ណប៉ុណ្ណោះ ដូចនេះ បានបញ្ជាក់ឱ្យឃើញថា
ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចទាំងបីនេះនៅមានកម្រិតតិចតួចនៅឡើយ។
ជាក់ស្តែង តាមរយៈការអង្កេត និងវាយតម្លៃរបស់ ន.ធ.ក. មានកត្តាចំនួន ៣
ដែលបណ្តាលឱ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន៖
ទី១).ម្ចាស់យានយន្ត
ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋានពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម
ទី២).
ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រម
ទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និង
ទី៣).ក្រសួងស្ថាប័នដែលមានសមត្ថកិច្ចអនុវត្តពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ចនៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។
លោកស្រីអគ្គនាយករងក៏បានលើកទ្បើងផងដែរថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់
និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា
២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច
ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ
និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ
អំពី អ្វីទៅជាការធានារ៉ាប់រង? និង តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ច ក្នុងច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធ។
សូមជម្រាបជូនថា សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នេះត្រូវបានរៀបចំទ្បើងដោយ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី២៨
ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកស្រី
អ៊ុល ភិរុណ អភិបាលរងខេត្តកែប លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា
អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា៕












Post a Comment