អាជ្ញាធរថៃ ថាកម្មករ៤៣នាក់ ជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី

 ប្រភព៖ AFP

បាងកក៖ អាជ្ញាធរនៅប្រទេសថៃ បានឱ្យដឹងថា អគារខ្ពស់១ខ្នងកម្ពស់៣០ជាន់ ដែលស្ថិតក្រោមការសាងសង់ សម្រាប់បម្រើជា​ការិយាល័យរដ្ឋាភិបាល បានដួលរលំនៅទីក្រុងបាងកក នាថ្ងៃសុក្រនេះ ហើយធ្វើឱ្យជាប់ខ្លួនកម្មករចំនួន៤៣នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ។

អគារខាងលើស្ថិតក្នុងសង្កាត់ Chatuchak ភាគខាងជើងទីក្រុងបាងកក បានដួលរលំទាំងស្រុងតែម្តង ក្នុងពេលមួយពព្រិចភ្នែក បន្ទាប់ពីប្រទេសថៃ បានទទួលរងការញ័ររញ្ជួយ ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ ដែលបានវាយប្រហារចំត្រង់ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ ក្រៅពីថៃ នៅវៀតណាមឯណោះ ក៏បានទទួលរងអារម្មណ៍ញ័ររង្គើដូចគ្នាផងដែរ។

ដោយឡែក ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ អំពីទំហំនៃការបំផ្លិចបំផ្លាញ ឬក៏មនុស្សបាត់បង់ជីវិតនៅឡើយទេ ជាពិសេសនៅក្នុងមីយ៉ាន់ម៉ាផ្ទាល់។

បើតាមទីភ្នាក់ងារអាមេរិក USGA ចំណុចរញ័រកណ្តាល នៃគ្រោះរញ្ជួយផែនដីខាងលើ គឺស្ថិតនៅចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ដែលមានមនុស្សរស់នៅ១.២លាននាក់ ភាគកណ្តាលមីយ៉ាន់ម៉ា និងមានជម្រៅត្រឹម១០គីឡូម៉ែត្រក្រោមផ្ទៃដីប៉ុណ្ណោះ ដែលអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ៕



 

Powered by Blogger.