មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍៖ ក្រុងកែបនឹងក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
ភ្នំពេញ៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងបញ្ជាក់ថា ក្រុងកែបនឹងក្លាយជាទីក្រុងគ្មានផ្សែងបារីនាពេលខាងមុខ។ ការថ្លែងបញ្ជាក់បែបនោះធ្វើទ្បើងក្នុងឱកាសដែលលោកចូលរួមក្នុងសិក្ខាសាលា ស្តីពី “ការពង្រឹងសមត្ថភាពដើម្បីរៀបចំក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ត្រូវបានរៀបចំទ្បើងនៅលើទឹកដីនៃក្រុងកែប ខេត្តកែបកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តម ហោ សារុន បានថ្លែងថា ក្នុងកិច្ចខិតខំប្រឹងប្រែងរៀបចំវិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍គ្មានផ្សែងបារី ក្រសួងទេសចរណ៍បានធ្វើការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងឯកសារគតិយុត្តផ្សេងៗ ទាក់ទងនឹងការត្រួតពិនិត្យផលិតផល ថ្នាំជក់ នៅក្នុងចំណោមមូលដ្ឋាន អាជីវកម្មសេវាកម្មទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនោះក៏បានជំរុញឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវនៅតាមមូលដ្ឋានទាំងនោះផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា សិក្ខាសាលានៅថ្ងៃនេះនឹងក្លាយជាវេទិកាថ្មីមួយក្នុងការស្វែងយល់កាន់ច្បាស់ អំពីគោលការណ៍ណែនាំស្តីពី ការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដែលបាន ដាក់ចេញដោយក្រសួងទេសចរណ៍។ លើសពីនេះទៀត ដើម្បីសម្រេចបានក្នុង ការរៀបចំក្រុងកែប ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារីនោះ ការចូលរួមរបស់ រដ្ឋបាល ក្រុងកែបក្នុងការដឹកនាំអនុវត្តតាមគោលការណ៍ណែនាំគឺជាភាពចាំបាច់មិនអាចខ្វះបាននោះទ្បើយ។
ឯកឧត្តម ហោ សារុន បានសង្កត់ធ្ងន់ថា ពាក្យថា “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី” មិនមែនបញ្ជាក់ថាក្រុងនោះមិន មានអ្នកជក់បារីនោះទេ ប៉ុន្តែជាក្រុងដែលមិនមានអ្នកជក់បារី ឬអ្នកប្រើប្រាស់ផលិតផល ថ្នាំជក់នៅកន្លែងដែលច្បាប់ហាមឃាត់។
ឯកឧត្តមបានបន្តថា តាមរយៈសិក្ខាសាលានៅថ្ងៃនេះ យើងនឹង ស្វែងយល់កាន់តែច្បាស់អំពីគោលការណ៍ស្តីពីការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារី និងតម្រូវការចូលរួមទាំងអស់គ្នាគ្រប់ផ្នែកពាក់ព័ន្ធ រាប់ចាប់ពីប្រជាពលរដ្ឋ សហគមន៍ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ រហូតដល់សាលាសង្កាត់ រដ្ឋបាលក្រុង និងមន្ទីរអង្គភាពនានា ក៏ដូចជារដ្ឋបាលខេត្តទាំងមូលផងដែរ ដើម្បី ប្រែក្លាយ ក្រុងកែបរបស់យើងជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។
ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា ការចូលរួមរបស់យើងទាំងអស់គ្នាគឺជាការត្រួសត្រាយផ្លូវដែលមិនត្រឹមតែជួយលើកកម្ពស់កេរ្តិ៍ឈ្មោះក្រុងកែបឲ្យក្លាយជាគោលដៅទេសចរណ៍ប្រណីតលំដាប់ខ្ពស់កាន់តែមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមគិតគូរពីផាសុកភាព សុខុមាលភាព និងការពារសុខភាពពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ផងដែរ ដើម្បី សង្គម សេដ្ឋកិច្ច និងបរិស្ថានរបស់យើង។
ឯកឧត្តម ហោ សារុន បានឲ្យដឹងថា ក្រសួងទេសចរណ៍បានដាក់ចេញគោលដៅជំហានដំបូង ក្នុងការកសាង បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ តាមរយៈការចេញសេចក្តីណែនាំនានា និងជំរុញឲ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍អនុវត្តតាម។ ជាមួយជោគជ័យ និងការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ក្រសួងទេសចរណ៍បានដាក់ចេញគោលដៅ នៅក្នុងជំហានបន្តបន្ទាប់ ដើម្បីបន្តពង្រឹងការអនុវត្តគោលការណ៍បរិស្ថានគ្មានផ្សែង បារីនៅក្នុងវិស័យទេសចរណ៍ឲ្យកាន់តែល្អប្រសើរជាលំដាប់ ដែលក្នុងនោះក៏មានការ ផ្តួចផ្តើមក្នុងការរៀបចំទីក្រុងទេសចរណ៍គ្មានផ្សែងបារីផងដែរ។
ឯកឧត្តមថា ថ្ងៃនេះ គឺជាជំហានថ្មីមួយទៀត ដែលក្រសួងទេសចរណ៍បានសហការ ជាមួយរដ្ឋបាលខេត្តកែប និងធ្វើការដោយផ្ទាល់ជាមួយផ្នែកពាក់ព័ន្ធនានា រួមទាំង រដ្ឋបាលក្រុងកែប ដើម្បីរៀបចំក្រុងកែបជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី។ ទីក្រុងទេសចរណ៍ គ្មានផ្សែងបារីគឺជាចំណែកសំខាន់មួយក្នុងការ បង្កើនភាពទាក់ទាញ ភាពស្អាត បៃតង និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍កម្ពុជា។
ឯកឧត្តម ហោ សារុន ក៏បានរំលឹកផងដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ គឺជាឆ្នាំដំបូងដែលកម្ពុជាទទួល បានភ្ញៀវ ទេសចរ អន្តរជាតិ ចំនួន ៦,៧លាននាក់ ដែលកើនលើសពីឆ្នាំ២០១៩ ជាឆ្នាំកំពូលមុនពេល មាន វិបត្តិ កូវីដ-១៩ ចំនួន ១,៤% ដែលជាការឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់ គាំទ្រ និងអភិវឌ្ឍ វិស័យ ទេសចរណ៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ទេសចរណ៍ ក៏ដូចជាផ្នែកពាក់ព័ន្ធ។ ឯកឧត្តមក៏បានបង្ហាញនូវការរំពឹងទុកដែរថា នៅក្នុងឆ្នាំ២០២៥ នេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរសរុបចន្លោះពី ៧,២លាននាក់ទៅ ៧,៥លាននាក់។
ឯកឧត្តម ហោ សារុន បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកែប និង រដ្ឋបាលក្រុងកែបដែលផ្តល់ការគាំទ្រ និងចូលរួមក្នុងការរៀបចំក្រុងកែប ជាទីក្រុង ទេសចរណ៍គ្មានផ្សែងបារី តាមរយៈការអនុវត្តគោលការណ៍ ណែនាំ ស្តីពី ការរៀបចំ ទីក្រុងទេសចរណ៍គ្មានផ្សែងបារីរបស់ក្រសួងទេសចរណ៍៕






Post a Comment