២ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន ជាង ២ពាន់ ៦៦២លានដុល្លារអាមេរិក កើនឡើងប្រមាណ ២១.១ភាគរយ
ភ្នំពេញ៖ ត្រឹមរយៈពេល ២ខែ នៃឆ្នាំ២០២៥នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សរុបមានជាង ២ពាន់ ៦៦២ លានដុល្លារអាមេរិក ដោយក្នុងនោះទំហំនាំចេញពីកម្ពុជាទៅចិន គិតជាទឹកប្រាក់មានចំនួនប្រមាណជាង ២១៧លានដុល្លារអាមេរិក ហើយទំហំនៃការនាំចូលពីចិន មកកម្ពុជា មានចំនួនជាង ២ពាន់ ៤៤៤លានដុល្លារអាមេរិក ដែលមានការកើនឡើងប្រមាណ ២១.១ភាគរយបើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ កន្លងទៅ។ នេះបើការឱ្យដឹងពីលោកស្រី ខា ឡេង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសអញ្ជើញជាតំណាងលោកជំទាវ ចម និម្មល
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីដំណើរការពន្លាជាតិកម្ពុជា
នៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច របស់ក្រុមហ៊ុន JD.com
ដែលជាក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ធំរបស់ចិន លោកស្រី
ខា ឡេង បានលើកឡើងថា ការផ្តួចផ្តើមបង្កើតផ្ទាល់ពន្លាជាតិ
និងមានគម្រោងនាំយកផលិតផលរបស់កម្ពុជា
ទៅបង្ហាញនៅលើថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ខ្លួនហើយសកម្មភាពនេះនឹងជំរុញដល់សកម្មភាពពាណិជ្ជកម្មរវាងកម្ពុជា
និងចិន ដំណើរការកាន់តែខ្លាំងក្លា ព្រមទាំងបង្កើនឱកាសសម្រាប់ផលិតផល
កម្ពុជាអាចទទួលការបញ្ជាទិញ និងនាំចេញទៅកាន់អ្នកប្រើប្រាស់ទីផ្សារចិន និងអន្តរជាតិ។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះបន្តថា
ចំណុចនេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងពីទំនុកចិត្ត និងគុណភាពនៃផលិតផលខ្មែរ
ជាពិសេសជាការចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា-ចិន មានរយៈពេលជាង ២ពាន់ឆ្នាំមកហើយ
ជាមិត្តភាពដែកថែប នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ
ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ
ដែលមានចក្ខុវិស័យប្តេជ្ញារួមគ្នាជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ។
ជាមួយគ្នានេះដែរ លោកស្រីរដ្ឋលេខាធិការ
បានថ្លែងថា កន្លងមក ក្រសួងពាណិជ្ជកម្មក៏បានចូលរួមយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី
រវាងកម្ពុជា និងចិន
ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាចសម្រេចបានការចុះអនុស្សរណៈនៃ
ការយោគយល់គ្នាជាមួយភាគីចិន ស្តីពីការជំរុញពាណិជ្ជកម្ម
ជំរុញការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារចិន ជាពិសេសបង្កើនការរៀបចំការតាំងពិព័រណ៍ក្នុង
និងក្រៅប្រទេសធ្វើយ៉ាងណាផ្សព្វផ្សាយផលិតផលកម្ពុជា បានកាន់តែទូលំទូលាយ។
លទ្ធផលដែលសម្រេចបាននាថ្ងៃនេះ គឺជាបទពិសោធន៍ថ្មីមួយទៀត
ដែលកម្ពុជាអាចបង្ហាញពីវប្បធម៌ អរិយធម៌ និងផលិតផលជាច្រើនរបស់ខ្លួន ទៅកាន់ប្រជាជនចិន
និងបណ្តាអ្នកប្រើប្រាស់
តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់ក្រុមហ៊ុន JD.com
ដែលនឹងរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។
សូមជម្រាថា កាលពីខែធ្នូ ឆ្នាំ២០២៤
ក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (ហៅកាត់ CTE)
ដែលមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា ដែលបានរួមចំណែកបង្កើតកិត្តិនាមថ្មី
និងកាន់តែទំនើប ដោយក្នុងនោះក្រសួងពាណិជ្ជកម្ម បានផ្សារភ្ជាប់ការតាំងពិព័រណ៍ថ្មីនេះ
ជាមួយគោលគំនិតច្នៃប្រឌិតថ្មី ប្រកបដោយភាពរស់រវើកបង្ហាញលក្ខណៈពិសេសពាណិជ្ជកម្ម
និងអត្តសញ្ញាណវប្បធម៌ក្នុងយុគសម័យទំនើប
ជាពិសេសបានបង្ហាញពីផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
ការបង្ហាញពីសមត្ថភាពផលិតកម្មទំនើបកម្ម ការសម្រួលការនាំចេញ
និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងចុងក្រោយបម្រើឱ្យវិស័យពាណិជ្ជកម្ម។
បន្ថែមពីនេះក្រសួងពាណិជ្ជកម្ម ក៏បានចូលរួមក្នុងការរៀបចំពន្លាជាតិកម្ពុជា
សម្រាប់ព្រឹត្តិការណ៍ពិព័រណ៌អន្តរជាតិជាច្រើនតាមបណ្តាប្រទេសជាដៃគូ
ជាពិសេសប្រទេសចិន ដែលបានបង្ហាញទៅភាគីមិត្តចិន និងអន្តរជាតិ បានស្វែងយល់ពីផលិតផល
និងសក្តានុពលដ៏អស្ចារ្យរបស់កម្ពុជា៕

Post a Comment