កម្ពុជា នឹងផ្តល់ថវិកា ១០ម៉ឺនដុល្លារ ជួយដល់មីយ៉ាន់ម៉ា ដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដី
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា ហើយនឹងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
បានថ្លែងបញ្ជាក់យ៉ាងដូចនេះនាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥
នាឱកាសដែលលោកអញ្ជើញចូលរួមថ្លែងបទអន្តរាគមន៍
ក្នុងឱកាសកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន
ចំពោះមុខគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។
បទអន្តរាគមន៍ទាំងស្រុងឧបនាយករដ្ឋមន្ត្រី
ប្រាក់ សុខុន មានខ្លឹមសារដូចនេះថា៖
ទី១៖ ជាបឋម
ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម Hasan រដ្ឋមន្ត្រីការបរទេសរបស់ម៉ាឡេស៊ី
សម្រាប់គំនិតផ្តួចផ្តើមក្នុងការកោះប្រជុំរដ្ឋមន្ត្រីការរបរទេសអាស៊ានទាំងអស់នៅថ្ងៃនេះ
ដើម្បីពិភាក្សាអំពីជំនួយដែលយើង ក្នុងនាមជាសមាជិកគ្រួសារអាស៊ាន
អាចជួយផ្តល់មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ។
ទី២៖ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អគ្គលេខាធិការអាស៊ាន
និងមជ្ឈមណ្ឌលអាស៊ានដើម្បី សម្របសម្រួលជំនួយមនុស្សធម៌ (ASEAN Coordinating
Centre for Humanitarian Assistance-AHA Center) ដែលបានផ្តល់ព័ត៌មានសង្ខេបដល់យើងអំពីស្ថានភាពនៅទីកន្លែងរងគ្រោះផ្ទាល់
ដែលបង្ហាញពីវិសាលភាពនៃការបំផ្លិចបំផ្លាញ និងសកម្មភាពនានាដែលបានអនុវត្ត
ឡើងដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ ដោយឡែកនៅកម្ពុជាមានការញ័ររញ្ជួយតិចតួចផងដែរ។
ទី៣៖ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរូបខ្ញុំផ្ទាល់
បានផ្ញើលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះរដ្ឋាភិបាល
និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះការបាត់បង់អាយុជីវិតរបួស
និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ទី៤៖ យើងសូមបួងសួងដល់ព្រលឹងនៃអ្នកដែលបានទទួលមរណភាព
និងសូមឱ្យអ្នករងរបួសនិងរងផលប៉ះពាល់បានជាសះស្បើយយ៉ាងឆាប់រហ័ស។
យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះអ្នកដែលបានបាត់បង់បុគ្គលជាទីស្រលាញ់
និងអ្នកដែលកំពុងតស៊ូដ៏លំបាកក្នុងគ្រោះមហន្តរាយនេះ។
ទី៥៖ កម្ពុជាសូមបង្ហាញនូវសាមគ្គីភាព
និងគាំទ្រយ៉ាងពេញលេញជាមួយបងប្អូនអាស៊ានរបស់យើង។
សេចក្តីថ្លែងការណ៍រួមរបស់អាស៊ាននៃការជួបប្រជុំរបស់យើងនៅថ្ងៃនេះ
អ្វីដែលយើងបានធ្វើជាលក្ខណៈបុគ្គល និងជាសមូហភាព
[ហើយនៅទីនេះខ្ញុំកំពុងសំដៅទៅលើការឆ្លើយតបយ៉ាងសកម្ម ដោយប្រទេសសមាជិកអាស៊ានមួយចំនួន
ជាពិសេសម៉ាឡេស៊ី សិង្ហបុរី និងថៃ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយ
និងការប្រើប្រាស់យន្តការមនុស្សធម៌ និងការឆ្លើយតបគ្រោះមហន្ត រាយអាស៊ាន]
និងអ្វីដែលយើងនឹងធ្វើដើម្បីជួយដល់ពួកគេ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីឯកភាព
និងសាមគ្គីភាពរបស់យើងហើយជាសារដ៏មានឥទ្ធិពលដែលប្រាប់ថា ប្រទេសមីយ៉ាន់ម៉ា និងថៃ មិន
មែនប្រឈមមុខនឹងវិបត្តិនេះតែម្នាក់ឯងទេ។
ទី៦៖ កម្ពុជានឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងនូវទឹកប្រាក់ចំនួន
១០០.០០០ ដុល្លារ (១០ម៉ឺនដុល្លារ អាម៉េរិក) ដល់ប្រទេសមីយ៉ាន់ម៉ា
ហើយយើងកំពុងពិនិត្យលទ្ធភាពរួមចំណែកបន្ថែមទៀតដល់កិច្ច ខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់
តាមរយៈការផ្តល់ថ្នាំពេទ្យ និងការផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត តាមការសមស្រប។
យើងរីករាយដែលបានឮប្រទេសជាច្រើននៅក្រៅតំបន់ក៏ផ្តល់ជំនួយ
សង្គ្រោះបន្ទាន់ដល់មីយ៉ាន់ម៉ាដែរ។
ទី៧៖ ខ្ញុំក៏សូមឆ្លៀតឱកាសនេះសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលនៃប្រទេស
មីយ៉ាន់ម៉ា និងប្រទេសថៃ ចំពោះជំនួយដែលបានផ្តល់ជូនដល់ប្រជាជនកម្ពុជា
ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។ ស្ថានទូតរបស់យើងនៅក្នុងប្រទេសនីមួយៗ
កំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយក្រុមជួយសង្គ្រោះនៅលើទីកន្លែងផ្ទាល់។
ទី៨៖ ដោយសារមនុស្សជាច្រើននៅជាប់ក្រោមអគារបាក់បែក
និងត្រូវការជំនួយផ្នែកវេជ្ជសាស្ត្រ យើងត្រូវធ្វើការឱ្យបានរហ័ស
ដើម្បីសង្គ្រោះអាយុជីវិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ រាល់
នាទីនីមួយៗមានសារសំខាន់ខ្លាំងណាស់។
ទី៩៖ ព្រះរាជាណាចក្រកម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តក្នុងការស្មារតីសាមគ្គីភាពជាមួយប្រទេស
មីយ៉ាន់ម៉ា ថៃ និងក្រុមគ្រួសារអាស៊ានទាំងមូល ក្រោមភាពជាប្រធានអាស៊ានរបស់ម៉ាឡេស៊ី
ក្នុង អំឡុងពេលដ៏លំបាកនេះ។
ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
ចូលរួមជាមួយម៉ាឡេស៊ី និងសហការីផ្សេងទៀត
ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យមានបទឈប់បាញ់ដោយផ្តោត
លើសន្តិភាព ដូចដែលបានស្នើឡើងដោយ ឯកឧត្តម Erywan រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេ
ដារុស្សាឡាំ ដើម្បីឱ្យជំនួយមនុស្សធម៌បានទៅដល់អ្នកដែលត្រូវការជំនួយជាចាំបាច់៕



Post a Comment