លោក សោម ពិសិដ្ឋ ណែនាំឱ្យអភិបាលក្រុងកែបថ្មី ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយគុណធម៌ សីលធម៌
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានណែនាំឱ្យអភិបាលក្រុងកែបដែលទើបចូលកាន់ថ្មីត្រូវបាសខិតខំបម្រើប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ប្រកបដោយគុណធម៌ សីលធម៌ សក្តិសមជាអ្នកបម្រើរាស្រ្ត និងគិតគូរពីផលប្រប្រយោជន៍រាស្រ្តជាធំ។
ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញប្រកាសចូលកាន់តំណែងជាអភិបាលក្រុងកែប
គឺលោក ឃន វុទ្ធី ជាអភិបាល នៃគណៈអភិបាលក្រុងកែប ជាផ្លូវការជំនួសអភិបាលក្រុងកែបចាស់
និងលោក សេ មុត ជានាយករដ្ឋបាលសាលាក្រុងកែប នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤
នៅសាលប្រជុំសាលាក្រុងកែប ដោយមានការ អញ្ជើញចូលរួមពី លោកជំទាវ ក្រុមប្រឹក្សាខេត្ត
ឯកឧត្តម តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត លោក លោកស្រី
អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ ស្នងការ មេបញ្ជាការខេត្ត
ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ក្រុមប្រឹក្សាក្រុង សង្កាត់
និងមន្ត្រីរាជការ ចំណុះអោយរដ្ឋបាលក្រុងកែបផងដែរ។
លោក សោម ពិសិដ្ឋ
ក៏បានណែនាំ អភិបាលក្រុងកែប និងលោកនាយករដ្ឋបាលសាលាក្រុងកែប
ត្រូវខិតខំនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួម អនុវត្តឲ្យទទួលបានជោគជ័យ
នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោលការណ៍
ផែនការរបស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ
នៅថ្នាក់ក្រោមជាតិ ធ្វើឲ្យក្រុងកែប មានការអភិវឌ្ឍន៍ខ្លាំងឡើងថែមទៀត ធានាការបម្រើ
និងផ្តល់សេវាដ៏ល្អជូនប្រជាពលរដ្ឋ។
ដើម្បីឆ្លើយតបទៅនិងជំនឿជឿជាក់របស់រាជរដ្ឋាភិបាលកម្ពុជា
លោក ឃន វុទ្ធី អភិបាលក្រុងកែប បានប្តេជ្ញាចិត្ត រក្សាសាមគ្គីភាព
ឯកភាពផ្ទៃក្នុងឲ្យបានល្អទាំងក្នុងក្រុមប្រឹក្សាក្រុង និងមន្ទីរ អង្គភាពជុំវិញខេត្ត
និងខិតខំរៀនសូត្រ ពង្រឹង និងបង្កើនភារកិច្ច ដែលរាជរដ្ឋាភិបាលប្រគល់ជូន
ប្រកបដោយប្រសិទ្ធភាព និងជឿទុកចិត្តសំដៅធ្វើឲ្យការអនុវត្តច្បាប់
ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក- ខណ្ឌ និងគោលនយោបាយ វិមជ្ឈការ
និងវិសហមជ្ឈការ មានភាពជោគជ័យ៕








Post a Comment