លោក ម៉ក់ ធារី នាយកអនុវិទ្យាល័យស្រែអង្គ្រងរងការរិះគន់ក្រោយប្រើពាក្យពេចន៍អសុរោះមកលើអ្នកសារព័ត៌មានតាមបណ្ដាញសង្គម

អត្ថបទ៖ ជឹម ទូច

 ខេត្តរតនគិរី៖ លោក ម៉ក់ ធារី ដែលគេស្គាល់ថា គឺនាយកអនុវិទ្យាល័យស្រែអង្គ្រង ស្ថិតក្នុងភូមិ២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរីរងការរិះគន់ បន្ទាប់ពីលោកបានប្រើពាក្យពេចន៍អសុរោះនៅលើបណ្តាញសង្គមប្រមាថយ៉ាងធ្ងន់ធ្ងរមកលើអ្នកសារព័ត៌មាន។

 តាមរយៈគណនេយ្យហ្វេសប៊ុកឈ្មោះ «មន្ត្រីជនបទ ភូមិភាគឦសាន» លោកនាយកអនុវិទ្យាល័យរូបនេះបានបង្ហោះសារថា «មកដកក្បាលអា៣នាក់នៅរតនគិរី និងអា២នាក់នៅស្ទឹងត្រែងចោលផង ! ទុកអាកាសែតប្តូរបាយនាំចង្រៃសង្គមទេ !» ដែលការបង្ហោះសារបែបនេះ ត្រូវបានបងប្អូនអ្នកសារព័ត៌មានជាច្រើនចាត់ទុកថា គ្មានសីលធម៌ និងគ្មានគុណធម៌ទាល់តែសោះ ខណៈខ្លួនជាគ្រូបង្រៀន អ្នកបណ្តុះបណ្តាលធនធានមនុស្ស ថែមទាំងមានតួនាទីជានាយកសាលាផងនោះ មិនសមប្រើពាក្យពេចន៍អសីធម៌បែបនេះឡើយ។

 ទោះយ៉ាងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ លោក ម៉ក់ ធារី នាយកអនុវិទ្យាល័យស្រែអង្គ្រង បានធ្វើរបាយការណ៍មួយច្បាប់បំភ្លឺជូនលោកប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តរតនគិរី ដោយបានរៀបរាប់ថា សូមធ្វើការបំភ្លឺក្នុងករណីចែករំលែកខ្លឹមសារផេកមួយឈ្មោះ «តាមដាន» ដែលបានផ្សាយខ្លឹមសារប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រី ចំពោះបញ្ហាអ្នកកាសែតមួយចំនួនដែលបានបង្កបញ្ហាក្នុងសង្គម ដោយលោកបានប្រើហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ «មន្ត្រីជនបទ ភូមិភាគពឦសាន» បានចែករំលែកបន្តកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា «ដកក្បាលអា៣នាក់នៅរតនគិរី និងអា២នាក់នៅស្ទឹងត្រែងចោលផង ! ទុកអាកាសែតប្តូរបាយចង្រៃសង្គម !»

 ក្នុងន័យនេះគឺ លោកបានពេញចិត្ត និងគាំទ្រប្រសាសន៍សម្តេចធិបតីជាខ្លាំង ដែលសម្តេចបានឲ្យក្រសួងព័ត៌មានពិនិត្យ និងដកអាជ្ញាប័ណ្ណអ្នកកាសែតមួយចំនួនដែលនាំបញ្ហា ឬយល់ច្រឡំផ្សេងៗក្នុងសង្គម សរុបសេចក្តីមកលោកគ្មានបំណងធ្វើឲ្យប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរដល់អ្នកកាសែតដែលល្អៗ មានក្រមសីលធម៌វិជ្ជាជីវៈក្នុងអាជីពដែរ គឺនិយាយសំដៅទៅលើអ្នកកាសែតមួយចំនួនតូចក្នុងខេត្តចំនួន២ប៉ុណ្ណោះ។

 លោកបានទទួលស្គាល់ថា ពុំសមរម្យសម្រាប់ការប្រើប្រាស់ពាក្យពេចន៍មួយចំនួនដែលបានសរសេរខ្លឹមសារខាងលើពិតមែន ដោយសារអារម្មណ៍មួយឆាវ ហើយលោកក៏បានសុំអភ័យទោសដល់ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធសម្រាប់កំហុសមួយចំនួនខាងលើ និងព្រមធ្វើការលុប កែសម្រួលឡើងវិញនូវពាក្យពេចន៍មួយចំនួនរបស់លោកផងដែរ។

 ក្រុមអ្នកសារព័ត៌មានជាច្រើនបានសម្តែងការខកចិត្តជាខ្លាំង ចំពោះការបញ្ចេញមតិមិនសមរម្យពីសំណាក់ លោក ម៉ក់ ធារី នាយកអនុវិទ្យាល័យស្រែអង្គ្រង ព្រោះលោកជាគ្រូបង្រៀន ជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ជាអ្នកអប់រំមនុស្ស បើចង់ធ្វើការរិះគន់ សូមរិះគន់ឲ្យចំឈ្មោះបុគ្គល និងស្ថាប័នអង្គភាពរបស់បុគ្គលរូបនោះ មិនត្រូវធ្វើការរិះគន់បែបនេះទេ ធ្វើឲ្យប៉ះពាល់ទៅដល់អ្នកសារព័ត៌មានទាំងមូល។

ក្រោយពីធ្វើលិខិតបំភ្លឺ មន្ទីរអប់រំយុវជន និងកីឡាខេត្ត ក៏បានចេញលិខិតលេខ ៣១៣ អយកខ.របា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ គោរពជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តរតនគិរី  និងបានដាក់វិធានការណ៍ណែនាំឲ្យលោក ម៉ក់ ធារី នាយកអនុវិទ្យាល័យស្រែអង្គ្រង លប់ចេញនូវខ្លឹមសារ ប្រើពាក្យពេចន៍មិសមរម្យដែលបានបង្ហោះចោល បញ្ឈប់រាល់ទង្វើចែករំលែក ឬផ្សព្វផ្សាយនានា ដែលប៉ះពាល់ដល់វិជ្ជាជីវៈអ្នកដទៃ ឬក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។

ពង្រឹងការដឹកនាំគ្រប់គ្រង ពិសេសការគ្រប់គ្រងបរិស្ថានអនាម័យនៅសាលារៀន ក្នុងករណីមិនបានអនុវត្តតាមការណែនាំ មន្ទីរនឹងដាក់វិន័យទណ្ឌកម្មរដ្ឋបាល ដែលមានចែងជាធរមាន៕








Powered by Blogger.