សម្តេចធិបតី៖ ទោះប្រឈមនឹងការលំបាក ឬប្រើពេលច្រើនយ៉ាងណា ក៏បេសកកម្មរុករក ត្រូវតែបន្តរហូតដល់រកឃើញ អាកាសយានិកទាំងពីររូប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។
តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៣ កក្កដានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលេីកឡេីងថា អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។
សម្តេចធិបតី បន្តថា
ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប
ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ
បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង
ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ
កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង
ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ
ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។
សម្តេចនាយករដ្ឋមន្ត្រី
មានប្រសាសន៍ទៀតថា “ខ្ញុំសូមយកឱកាសនេះ
ធ្វើការកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឯកឧត្តម
នាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រីអនុប្រធានទី១
នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម
អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ, ឯកឧត្តម
អភិបាល នៃគណ:អភិបាលខេត្តពោធិ៍សាត់, ថ្នាក់ដឹកនាំគ្រប់បណ្តាអង្គភាពពាក់ព័ន្ធ
ក៏ដូចជាការខិតខំប្រឹងប្រែងរបស់បងប្អូនក្រុមរុករកទាំងអស់
ដែលបានចូលរួមក្នុងបេសកកម្មនេះដ៏សំខាន់មួយនេះ”។
សម្តេចបន្តថា
“ខ្ញុំក៏សូមអរគុណចំពោះប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី
ដែលបានបង្ហាញនូវសមានចិត្តព្រួយបារម្ភ
និងការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមរុករក
ដើម្បីស្វែងរកអាកាសយានិករបស់យើងក្នុងភូមិសាស្ត្រ និងអាកាសធាតុដ៏លំបាកនេះ” ។
សម្តេចនាយករដ្ឋមន្ត្រី
អះអាងថា “ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណាក៏ដោយ
ក៏បេសកកម្មរុករកនេះត្រូវតែបន្តទៅមុខ
រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប” ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី
ក៏បានជូនពរដល់ក្រុមប្រតិបត្តិការរុករកទាំងអស់ សូមសមប្រកបតែនឹងសេចក្តីសុខ
សុវត្ថិភាព ក្នុងការបំពេញបេសកកម្មដ៏សំខាន់មួយនេះ ហើយសង្ឃឹមយ៉ាងមុខមាំថា
នឹងអាចរកឃើញបងប្អូនអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ៕









Post a Comment