គោ ក្របីចំនួន១៧៣១៥ក្បាល នៅទូទាំងខេត្តស្ទឹងត្រែងទទួលបានចាក់វ៉ាក់សាំងការពារជំងឺឆ្លង
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងគោ.ក្របី ជូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ.ក្របីការពារជំងឺឆ្លងនាពេលកន្លងមក បានចំនួន១៧៣១៥ក្បាល។
លោកប្រធានមន្ទីរបញ្ជាក់ថាៈជាការពិតណាស់យុទ្ធនាការចាក់វ៉ាក់សាំងសត្វគោ.ក្របីនៅភូមិកាតូត ឃុំកំភុន ស្រុកសេសានដែលរៀបចំឡើងដោយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុកសេសាន នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងសត្វគោ.ក្របី និងកាត់បន្ថយអត្រាសត្វស្លាប់ និងហានិភ័យពីការបរិភោគសាច់សត្វជាដើម។ ទន្ទឹមនោះ នៅក្នុងរដូវវស្សានេះ ជំងឺដែលតែងតែជួបប្រទះជាញឹកញាប់ទៅលើគោ.ក្របី មានដូចជាៈជំងឺសារទឹកអុតក្តាម និងដុំពក ជាដើម ។ល។
លោកបន្តថាផលិតកម្មសត្វនៅខេត្តស្ទឹងត្រែង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ម្ហូបអាហារប្រចាំថ្ងៃ ហើយផ្ដល់នូវសារជាតិប្រូតេអ៉ីនខ្ពស់សម្រាប់ទ្រទ្រង់រាងកាយ និងជាប្រភពសេដ្ឋកិច្ចមួយ យ៉ាងសំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាកសិករ ។ ហើយសព្វថ្ងៃនេះ ការចិញ្ចឹមសត្វគោ.ក្របីនៅក្នុងខេត្តស្ទឹងត្រែង គឺនៅមិនទាន់បានអនុវត្តតាមវិធានបច្ចេកទេសឱ្យបានសមស្របនៅឡើយទេ ដោយកសិករភាគច្រើននៅតែបន្តការចិញ្ចឹមតាមបែបប្រពៃណី ដោយលែងពាសវាលពាសកាល គ្មានការមើលថែ និងគ្មានផ្ដល់ចំណីត្រឹមត្រូវ និងគ្រប់គ្រាន់។ កត្តានេះបានធ្វើឲ្យសត្វគោ.ក្របីភាគច្រើនមិនសូវមានការលូតលាស់ល្អ ជាពិសេសធ្វើឱ្យសត្វជួបប្រទះនូវបញ្ហាសុខភាព ងាយទទួលរងនូវជំងឺ និងអាចស្លាប់ជាដើម។
សូមបញ្ជាក់ថាៈយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថាៈសត្វគោនៅទូទាំងខេត្តមមានចំនួន៣៦,៦៥៧ក្បាល ក្នុងនោះនៅស្រុកសេសានមានចំនួន៧,៣៣០ក្បាល។ រីឯសត្វក្របីនៅទូទាំងខេត្តមមានចំនួន១៥,៩៩៦ក្បាល។ ក្នុងនោះនៅស្រុកសេសានមានចំនួន២,៧៩០ក្បាល។ ចំណែកសត្វគោ.ក្របីដែលបានវ៉ាក់សាំងការពារជំងឺសារទឹក ក្នុងនោះមានសត្វគោចំនួន១,១០១២ក្បាល ។ រីឯសត្វក្របីចំនួន៥,៣៦៧ក្បាល ។
ដោយឡែកសត្វគោ.ក្របីដែលបានចាក់វ៉ាក់សាំងការពារជំងឺអុតក្តាម ក្នុងនោះសត្វគោមានចំនួន៥៧ក្បាល ។ រីឯក្របីចំនួន៤២៩ក្បាល ។ ចំណែកសត្វគោដែលបានចាក់ថ្នាំព្យាបាលមានចំនួន២៣០ក្បាល ក្របី៧៨ក្បាល ។ សត្វគោស្លាប់ដោយសារជំងឺ០២ក្បាល និងក្របី០២ក្បាល។ ដោយឡែកសត្វគោបង្កាត់តាមបច្ចេកទេសសិប្បនិម្មិតមានចំនួន៧៦ក្បាលផងដែរ៕
Post a Comment