រដ្ឋមន្ដ្រីការពារជាតិ ប្រកាសថា ចាប់ពីថ្ងៃទី១ តុលា តទៅ នឹងចាប់ផ្តើមទទួលពាក្យស្នើសុំ ដើម្បីបំពេញកាតព្វកិច្ចយោធា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចេញប្រកាសថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។
តាមរយៈសារពិសេស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា« ក្នុងនាមក្រសួងការពារជាតិនិងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ខ្ញុំសូមជម្រាបជូនបងប្អូនយុវជនថាព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្ដើមដំណើរការអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ»។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្ដថា «ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ យុវជនដែលមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យស្នើសុំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។សូមបងប្អូនយុវជន តាមដានសេចក្តីជូនដំណឹងផ្លូវការ ដើម្បីស្វែងយល់អំពីលក្ខខណ្ឌឯកសារដែលត្រូវត្រៀម និងជំហានបន្តបន្ទាប់នៃការដាក់ពាក្យ»។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បន្ថែមថា ការការពារជាតិមាតុភូមិ និងបូរណភាពទឹកដីជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបក្នុងបរិបទដែលសង្គម និងបច្ចេកវិទ្យាកំពុងមានការប្រែប្រួលយ៉ាងរហ័សប្រទេសជាតិចាំបាច់ត្រូវមានកម្លាំងដែលទទួលបានការហ្វឹកហ្វឺន មានចំណេះដឹងជំនាញមានវិន័យ និងសមត្ថភាពធានា ដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីប្រជាជន និងសុខសន្តិភាព។
ប្រទេសជាតិ និងរាជរដ្ឋាភិបាល ត្រូវការកម្លាំងធនធានមនុស្សប្រកបដោយគុណភាពការអនុវត្តកាតព្វកិច្ចយោធា និងផ្តល់នូវចំណេះដឹងវិន័យស្មារតីជួយគ្នាការទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួនដែលអាចចូលរួមចំណែកក្នុងការបម្រើជាតិមាតុភូមិនៃយើង។
ការចូលរួមហ្វឹកហាត់នឹងធ្វើឱ្យយុវជនពង្រឹងកម្លាំងកាយចិត្តគំនិតវិន័យប្រកបដោយជំនាញបទពិសោធន៍អាចបង្កើនភាពជឿជាក់មានទំនុកចិត្តកាន់តែប្រសើរមានមូលដ្ឋានល្អសម្រាប់ការសិក្សាការងារ និងជីវិតក្រោយពេលបញ្ចប់ការអនុវត្តកាតព្វកិច្ចយោធានេះ។
លើសពីនេះ រដ្ឋមន្ដ្រីក្រសួងការពារជាតិ ក៏បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល និងប្រជាពលរដ្ឋទាំងអស់ចូលរួម គាំទ្រផ្ដល់កម្លាំងចិត្ត និងជួយឱ្យយុវជនយល់ច្បាស់ អំពីគោលបំណងនៃការអនុវត្តច្បាប់នេះ។ការគាំទ្ររបស់ក្រុមគ្រួសារ និងសង្គមមានសារៈសំខាន់បំផុត ចំពោះការត្រៀមខ្លួនរបស់យុវជន។ ដំណើរការជ្រើសរើសត្រូវអនុវត្តតាមលក្ខខណ្ឌ និងនីតិវិធីដែលបានកំណត់ប្រកបដោយតម្លាភាព និងស្មើភាព៕


Post a Comment