កម្លាំងអាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះសេរី និងរក្សាទុកអាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ អនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសដឹកនាំដោយ លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរងទទួលការងារជំនាញ ដោយមានការសម្របសម្រួលនីតិវិធីពី លោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានចុះប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់បានទាន់ពេលវេលា។ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥៖៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង (ជិតរង្វង់មូលសេះស) ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ (ជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី)។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ អាវុធ ៖ កាំភ្លើងខ្លី Glock ១ដើម, អាវុធវែង២ដើម M.sixteen ១ដើម, Ak.Forty seven កែច្នៃ ១ដើម និងមធ្យោបាយ រថយន្តម៉ាក Jeep ពណ៌ខ្មៅ (ពាក់ស្លាកលេខ ភ្នំពេញ 2BT-2733) ១គ្រឿង និងទូរស័ព្ទដៃស្មាតហ្វូនចំនួន៦គ្រឿង។ យ៉ាងណាជនសង្ស័យ រួមជាមួយវត្ថុតាង និងមធ្យោបាយ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តកែប ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នមនុស្ស ប្រុសស្រី (៤)បួននាក់ត្រូវបានដោះលែងឲ្យមានសេរីភាព ដោយលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប អនុញ្ញាតឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ ព្រោះពុំមានការជាប់ពាក់ព័ន្ធ។ ចំណែកឈ្មោះ WU YANWEI ភេទប្រុសអាយុ ៣៦ឆ្នាំ ជនជាតិចិនត្រូវបានបន្តឃាត់ខ្លួន ដើម្បីបន្តនីតិវិធីបញ្ជូនទៅតុលាកា៕













Post a Comment