មហាជន សម្តែងការហួសចិត្តជុំវិញសកម្មភាពដឹកស្ករសថៃ ស្តុកនៅកំពង់ផែតាហៃ ខេត្តកែប មុនបន្តដឹកតាមផ្លូវទឹកទៅប្រទេសវៀតណាម ខណៈអាជ្ញាធរអះអាងថា «ស្របច្បាប់»

 អត្ថបទ៖ ទ្រី ហៀន

​ខេត្តកែប៖ សកម្មភាពដឹកជញ្ជូន និងស្តុកទុកទំនិញស្ករស ដែលនាំចូលមកពីប្រទេសថៃ តាមកំពង់ផែស្ទឹងហាវ ឬកែវផុស ខេត្តព្រះសីហនុ ចូលមកក្នុងភូមិសាស្ត្រខេត្តកែប ដើម្បីបន្តដឹកជញ្ជូនតាមផ្លូវទឹកឆ្ពោះទៅកាន់ប្រទេសវៀតណាម កំពុងតែរងការរិះគន់ និងជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់ប្រជាពលរដ្ឋ និងមហាជនក្នុងស្រុក ដោយសារតែភាពមិនប្រក្រតីមួយចំនួន នៃសកម្មភាពវេចខ្ចប់ និងការផ្លាស់ប្តូរសំបកបាវនៅទីតាំងផ្ទាល់។

​យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឱ្យដឹងថា ថ្មីៗនេះ គេសង្កេតឃើញមានរថយន្តធុនធំជាច្រើនគ្រឿង បានដឹកជញ្ជូនស្ករសមកពីប្រទេសថៃ ចូលមកស្តុកទុកនៅចំណុច កំពង់ផែ តាហៃ ដែលមានទីតាំងស្ថិតនៅក្នុង ក្រុងកែប ខេត្តកែប។ អ្វីដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងដាក់ការសង្ស័យនោះ គឺគេបានឃើញសកម្មភាពវេចខ្ចប់ ដោះដូរសំបកបាវស្ករសទាំងនោះនៅហ្នឹងកន្លែង មុននឹងផ្ទេរឡើងទូកដឹកជញ្ជូនបន្តទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនទឹកក្នុងខេត្តកែប។

​មហាជនបានលើកឡើងដោយការខកចិត្តថា កន្លងមក គេតែងតែឃើញថ្នាក់ដឹកនាំ និងអាជ្ញាធរតាមបណ្តាខេត្តនានា រួមទាំងខេត្តកែបផងដែរ បានជួយជម្រុញ និងបណ្តុះស្មារតីជាតិនិយម ពាក់ព័ន្ធនឹងការកាត់បន្ថយ ឬប្រុងប្រយ័ត្នលើការប្រើប្រាស់ផលិតផល និងទំនិញនាំចូលពីបរទេស។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពដឹកជញ្ជូនស្ករសយ៉ាងគគ្រឹកគគ្រេងចូលក្នុងភូមិសាស្ត្រខេត្តកែបនេះ បែរជាត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានអះអាងថា «ជាសកម្មភាពស្របច្បាប់» ហើយទង្វើនៃការដូរសំបកបាវនោះ ត្រូវបានបកស្រាយត្រឹមតែជា «កំហុសបច្ចេកទេសបន្តិចបន្តួច» តែប៉ុណ្ណោះ។
​ការបកស្រាយនេះ បានបង្កើតជាមតិសម្តែងការមិនសុខចិត្តពីមហាជនទូទៅ ដោយពួកគាត់បានសម្តែងការបារម្ភអំពីតម្លាភាព គុណភាពទំនិញ និងច្បាប់អនុវត្តពន្ធដារ ឬពាណិជ្ជកម្មឆ្លងដែន។

​ជុំវិញករណីសកម្មភាពដឹកជញ្ជូនស្ករសថៃ ស្តុកទុកនៅកំពង់ផែតាហៃ និងការផ្ទេរតាមផ្លូវទឹកទៅប្រទេស វៀតណាមនេះ ប្រជាពលរដ្ឋ និងមហាជន សូមអំពាវនាវយ៉ាងទទូចដល់ ស្ថាប័នជំនាញថ្នាក់ជាតិ មេត្តាចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស៊ើបអង្កេតឱ្យបានស៊ីជម្រៅលើសកម្មភាពមួយនេះ ដើម្បីធានាថាការនាំចូល និងនាំចេញទំនិញឆ្លងកាត់ទាំងអស់ ត្រូវបានអនុវត្តស្របតាមបទដ្ឋានគតិយុត្ត បច្ចេកទេស និងច្បាប់ជាធរមានរបស់រដ្ឋ ព្រមទាំងទប់ស្កាត់រាល់បាតុភាពមិនប្រក្រតីណាដែលជះឥទ្ធិពលមិនល្អដល់សង្គម និងសេដ្ឋកិច្ចជាតិ៕













 

Powered by Blogger.