តុលាការកោះហៅជនសង្ស័យចំនួន៥រូប ឱ្យចូលបំភ្លឺអំពីដំណើររឿងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន៥រូប ដែលជាសកម្មជនដីធ្លីរួមមាន ឈ្មោះ.ឡាយ សុខវីរៈ, ឈ្មោះ.ម៉ាក់ មឿន, ឈ្មោះ.ឈួន ណី, ឈ្មោះ.ឈឿន រ៉ាន់ នឹងឈ្មោះ ឈួនម៉ុស ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចេញដីកាកោះហៅឱ្យចូលខ្លួននៅថ្ងៃទី៧-៨ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំភ្លឺអំពីដំណើររឿង ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា (តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ងួន) ហើយសាមីខ្លួនត្រូវអញ្ជើញមកតាមដីកាកោះនេះឱ្យបានទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងរឿងហេតុខាងលើមកជាមួយផងប្រសិនបើមាន។ យើងនឹងចេញដីកាបញ្ជាឱ្យចូលខ្លួន បើសិន រឹងទទឹងមិនព្រមចូល អាចត្រូវបង្ខំដោយនគរបាលយុត្តិធម៌ ដើម្បីធ្វើការនាំខ្លួនផងដែរ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៩ សកម្មជនដីធ្លីដឹកនាំដោយឈ្មោះ ឡាយ សុខវីរៈ , ឈ្មោះ.ម៉ាក់ មឿន , ឈ្មោះ ឈួន ណី , ឈ្មោះ.ឈឿន រ៉ាន់ នឹងឈ្មោះ ឈួនម៉ុស បាននាំបក្សពួកជាច្រើននាក់ទៀតធ្វើការសាងសង់ផ្ទះចំនួន២ខ្នង និងបានរំលោភបំពានយកដីរបស់លោក លឹម ងួន ទំហំ៦ហិកតា ស្ថិតនៅភូមិឫទី្ធ២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ក្នុងពេលសាងសង់អាជ្ញាធរឃុំបានដឹកនាំកម្លាំងចុះទៅហាមឃាត់ និងបានធ្វើកំណត់ហេតុបញ្ឈប់ការសាងសង។ ហើយអ្វីដែលកត់សម្គាល់ គឺក្រុមសកម្មជនដីធ្លីរបស់ឈ្មោះ ឡាយ វីរៈ នៅក្នុងថ្ងៃដដែលនោះបានដឹកជើងតាង បង្គោលថ្មធំៗ មកដាំលើដីទំនាស់យ៉ាងអនាធិបតេយ្យ និងគ្មានក្រែងរអែងច្បាប់អ្វីនោះឡើយ។
ចំណែកលោក លឹម ងួន ដែលជាម្ចាស់ដី ក្រោយឃើញក្រុមសកម្មជនដីធ្លីធ្វើសកម្មភាពបែបនេះ ក៏បានចូលទៅហាមឃាត់ តែត្រូវក្រុមលោក ឡាយ សុខវីរៈ ដែលមានគ្នាប្រហែល៣០នាក់ កាន់ដំបង កាំបិតផ្គាក់ បានធ្វើសកម្មភាពគម្រាមកំហែង ដេញកាប់ និងវាយដោយដំបងបង្កឱ្យលោក លឹម ងួន ដែលជាម្ចាស់ដីរងរបួសខ្នងផ្នែកខាងឆ្វេង ព្រមទាំងបំផ្លិចបំផ្លាញសម្ភារៈផ្សេងៗ និងម៉ូតូចំនួន១គ្រឿងផងដែរ។
ហេតុដូច្នេះហើយទើបលោក លឹម ងួន សម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីទាមទារយុត្តិធម៌តាមផ្លូវច្បាប់។ ហើយសាលាដំបូងខេត្តព្រះសីហនុ ក្រោយបានទទួលពាក្យបណ្តឹងរបស់លោក លឹម ងួន ក៏បានធ្វើការផ្ទេរសិទ្ធិឲ្យសមត្ថកិច្ច នៃស្នងការនគរបាលខេត្តព្រះសីហនុ ធ្វើការស៊ើបអង្កេតជំនួស។
ជាលទ្ធផលនៅក្នុងរបាយការណ៍របស់លោក កុល ផាល្លី អតីតស្នងការងនៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ចុះថ្ងៃទី០៧ ខែមករា
ឆ្នាំ២០២០ បានបញ្ជាក់ថា ឈ្មោះ លឹម ងួន និងឈ្មោះ លី បូរ៉ា ពិតជាមានឯកសារកាន់កាប់ដី
នៅភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ដែលទទួលស្គាល់ដោយអាជ្ញាធរភូមិ ឃុំ ពិតប្រាកដមែន។ ឈ្មោះលឹម ងួន និង ឈ្មោះ លី បូរ៉ា
គឺជាជនរងគ្រោះក្នុងករណីហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ប្រព្រឹត្តពីសំណាក់ជនសង្ស័យឈ្មោះ
ឡាយ សុខវីរៈ,
ឈ្មោះ កើត សុផល ,ឈ្មោះ ម៉ាក់ មឿន
និងឈោ្មះឈួន ម៉ុស រួមនឹងបក្ខពួកកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិឫទ្ធី២
ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ប្រាកដមែន៕

























Post a Comment