ប្រមុខការទូតកម្ពុជា ៖ ភាពតានតឹង និងជម្លោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជំនឿទុកចិត្តរវាងកម្ពុជា-ថៃ

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានលើកឡើងថា ភាពតានតឹង និងជម្លោះ នាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងបែបនេះ ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ដថា ក្នុងស្មារតីនេះ កម្ពុជា ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានបន្តយក ចិត្តទុកដាក់ ចូលរួមចំណែក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវដំណោះស្រាយ ដោយសន្តិវិធី និងយូរអង្វែងចំពោះជម្លោះនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ភាពតានតឹង និងជម្លោះនាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់ គ្រាប់មិនទាន់ផ្ទុះ ជាដើម»។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ដថា ទោះជាយ៉ាងក្តី ភូមិសាស្ត្របានចងភ្ជាប់ប្រទេសយើងជាមួយគ្នា។ ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ប្រទេសទាំងពីរត្រូវរួមរស់ក្បែរគ្នាជានិច្ច ហើយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនយើង មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដូច្នេះ ការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជា រឿងដែលយើងចង់បានប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី និង សម្រាប់ការយកចិត្តទុកដាក់រួមរបស់យើង ដែលចង់មានសន្តិភាពយូរអង្វែង និងទំនាក់ទំនងជាប្រទេស ជិតខាងល្អនឹងគ្នា៕



Powered by Blogger.