៦ខែដើមឆ្នាំនេះ រោងចក្រនៅកម្ពុជា កើនឡើងជាង៨០០ និងបង្កើតការងារថ្មីជាង ៩ម៉ឺននាក់ ជូនដល់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០២៦ រោងចក្រនៅកម្ពុជាកើនឡើងចំនួន ៨៤៥រោងចក្រ ដែលបង្កើតឱកាសការងារថ្មីជាង ៩ម៉ឺនកន្លែងសម្រាប់ប្រជាពលរដ្ឋ ដែលឆ្លុះបញ្ចាំងពីបរិយាកាសវិនិយោគដ៏រឹងមាំ និងការទាក់ទាញឥតឈប់ឈររបស់កម្ពុជាក្នុងនាមជាគោលដៅវិនិយោគ។
លោក ស៊ុន មេសា
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា
ឆ្នាំ២០២៦នេះ គូសបញ្ជាក់ថានៅក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ រោងចក្របានកើនពី ៤៦ ៦៤៩ ទៅ
៤៧ ៤៩៤ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានឱកាសការងារជាង
៩ម៉ឺនកន្លែងជូនដល់ប្រជាពលរដ្ឋ ដែលភាគច្រើននៅក្នុងវិស័យឧស្សាហកម្ម
ក្នុងនោះរោងចក្រក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ
និងកាបូប បានកើនឡើងពី ២ ៧២៥ ដល់ ២ ៨៩០។
លោក ស៊ុន មេសា
បានលើកឡើងថា
កំណើនវិជ្ជមាននេះឆ្លុះបញ្ចាំងពីទំនុកចិត្តឥតឈប់ឈររបស់វិនិយោគិនក្នុងស្រុក
និងអន្តរជាតិមកលើកម្ពុជា
និងបង្ហាញពីប្រសិទ្ធភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការវិនិយោគ
បើទោះបីជាសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជានៅឡើង។
អ្នកនាំពាក្យរូបនេះ
មានប្រសាសន៍ថា៖ «ទោះបីសេដ្ឋកិច្ចពិភពលោកនៅបន្តប្រឈមនឹងភាពមិនប្រាកដប្រជាក៏ដោយ
កម្ពុជានៅតែអាចទាក់ទាញការវិនិយោគ បង្កើនចំនួនរោងចក្រ
និងបង្កើតការងារថ្មីជាបន្តបន្ទាប់
ហើយកំណើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើសន្តិភាព ស្ថិរភាពនយោបាយ
គោលនយោបាយគាំទ្រវិនិយោគ និងកម្លាំងពលកម្មដែលមានជំនាញរបស់កម្ពុជា»។
បន្ថែមពីនេះ លោក
បានបញ្ជាក់ថា ការងារថ្មីជាង ៩ម៉ឺនកន្លែង ដែលត្រូវបានបង្កើតឡើងក្នុងឆមាសទី១
ឆ្នាំ២០២៦ គឺជាភស្តុតាង
ដែលបញ្ជាក់ថាកម្ពុជាកំពុងបន្តបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ
និងពង្រឹងមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
ជាមួយគ្នានេះ
អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអតីតពលករទាំងអស់
ស្វែករកការងារធ្វើនៅក្នុងស្រុក តាមរយៈវេទិកាការងារ ឬទាក់ទងមកលេខ ១២៩៧
ដែលផ្តល់ប្រាក់ចំណូលសមរម្យ ធានាបាននូវសុវត្ថិភាព ការការពារសិទ្ធិការងារ
និងអត្ថប្រយោជន៍សង្គមស្របតាមច្បាប់ជាធរមាន
ជាជាងការចំណាកស្រុកដោយប្រថុយប្រថានដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាជាដើម៕






Post a Comment