ផ្ទុះការរិះគន់ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ក្នុងខេត្តកំពត ថាខ្វះតម្លាភាព
អត្ថបទ : ទ្រី ហៀន
[ខេត្តកំពត] — មានការរិះគន់ និងការដាក់ការសង្ស័យជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធនឹងភាពមិនប្រក្រតី នៃការអនុវត្តគម្រោងដេញថ្លៃមូលនិធិឃុំ-សង្កាត់ នៅក្នុងខេត្តកំពត ដែលត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះនូវតម្លាភាព និងគណនេយ្យភាព ចាប់តាំងពីមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃទីចាត់ការជំនាញ។ការចោទប្រកាន់លើការអនុវត្តនីតិវិធីខ្វះតម្លាភាព ប្រភពពីផ្ទៃក្នុង និងការលើកឡើងពីបណ្តាក្រុមហ៊ុនទទួលការសាងសង់ក្នុងស្រុក បានទម្លាយឲ្យដឹងថា ចាប់តាំងពីលោក ថឹង មិនា បានឡើងកាន់តំណែងជា នាយកទីចាត់ការផែនការនិងវិនិយោគ មក ការអនុវត្តនីតិវិធីនៃការដេញថ្លៃគម្រោងអភិវឌ្ឍន៍នានា ហាក់មានភាពមិនច្បាស់លាស់ និងខ្វះការបើកចំហជាសាធារណៈ។
ចំណុចមិនប្រក្រតីសំខាន់ៗដែលត្រូវបានរកឃើញ៖ ការលាក់បាំងព័ត៌មាន គ្មានការបិទផ្សាយព័ត៌មានស្តីពីការដេញថ្លៃជាចំហ ឬទូលំទូលាយ ដែលបង្កលក្ខណៈស្មុគស្មាញ និងបង្កើតជារបាំងដល់ក្រុមហ៊ុនដទៃដែលមានបំណងចង់ចូលរួមប្រកួតប្រជែងដោយស្មើភាព។
.ការខកខានមិនបានដេញថ្លៃនៅក្នុងបណ្តាឃុំ-សង្កាត់មួយចំនួន គម្រោងអភិវឌ្ឍន៍ត្រូវបានអនុវត្តដោយមិនបានឆ្លងកាត់ការដេញថ្លៃត្រឹមត្រូវតាមច្បាប់នោះឡើយ។
.ការកាត់ផ្តាច់ព័ត៌មានពីពលរដ្ឋ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអង្គការសង្គមស៊ីវិល មិនទទួលបានព័ត៌មានជុំវិញកញ្ចប់ថវិកា ឬព័ត៌មានលម្អិតនៃគម្រោងមូលនិធិឃុំរបស់ខ្លួននោះទេ។
.ការសង្ស័យលើអំពើពុករលួយ ករណីនេះបានបង្កើតជាមន្ទិលសង្ស័យយ៉ាងខ្លាំងជុំវិញរឿង «បក្សពួកនិយម» និង «អំពើពុករលួយ» ក្នុងការបែងចែកគម្រោងទៅឲ្យក្រុមហ៊ុនស្និទ្ធស្នាល។
.គុណភាពសំណង់ធ្លាក់ចុះ ផ្លូវលំមិនទាន់បាន១ឆ្នាំផងរងការខូចខាត
ជាលទ្ធផលនៃការដេញថ្លៃដែលរងការរិះគន់ថាខ្វះតម្លាភាពនេះ គុណភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានត្រូវបានគេមើលឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំង។ ប្រជាពលរដ្ឋម្ចាស់ឆ្នោតបានសម្តែងការអស់សង្ឃឹម និងហួសចិត្តជាខ្លាំង បន្ទាប់ពីផ្លូវលំដែលទើបតែសាងសង់រួចមិនទាន់បានមួយឆ្នាំផង បានទទួលរងការខូចខាត និងបែកបាក់ជាបន្តបន្ទាប់។
យ៉ាងណាមតិមហាជន លុយមូលនិធិឃុំសង្កាត់ ជាថវិកាជាតិ និងជាដង្ហើមរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ បើសាងសង់មិនទាន់បានមួយឆ្នាំផងខូចទៅហើយ តើការចំណាយនោះមានប្រសិទ្ធភាពដែរឬទេ?» — សំឡេងរិះគន់ពីពលរដ្ឋក្នុងខេត្តកំពត។
សំណូមពរទៅកាន់ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំងអំពើពុករលួយ
តាមរយៈសេចក្តីរាយការណ៍នេះ ប្រជាពលរដ្ឋ និងអ្នកតាមដានស្ថានការណ៍សង្គម បានគោរពស្នើសុំយ៉ាងទទូចដល់៖ .ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)
សូមមេត្តាដាក់ការស៊ើបអង្កេត តាមដាន និងពិនិត្យឡើងវិញជាបន្ទាន់លើសកម្មភាពមិនប្រក្រតី នៃគម្រោងមូលនិធិឃុំ-សង្កាត់ទាំង ៩៣ ឃុំ-សង្កាត់ ទូទាំងខេត្តកំពត ដើម្បីធានាបាននូវភាពស្អាតស្អំ តម្លាភាព និងការពារផលប្រយោជន៍ដ៏ពិតប្រាកដរបស់ប្រជាពលរដ្ឋ និងថវិកាជាតិ។
ការិយាល័យព័ត៌មានយើង រង់ចាំការបកស្រាយបំភ្លឺពីលោក ថឹង មិនា នាយកទីចាត់ការផែនការនិងវិនិយោគខេត្តកំពត ឬអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីធានាបាននូវតុល្យភាពព័ត៌មាន។






Post a Comment