អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការអបអរសាទរ
និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា
ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣
សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) នាឱកាសនេះ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានជ្រើសរើសមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន
ក្នុងការចែករំលែកឧត្តមានុវត្តន៍ សំដៅកសាងមុខងារសាធារណៈមួយ ដែលមានភាពឆ្លើយតបលឿនរហ័ស
មានប្រសិទ្ធភាព និងយកប្រជាជនជាស្នូល នៅទូទាំងតំបន់អាស៊ាន។
ឯកឧត្តមគណៈប្រតិភូក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា
និងបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍
និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី
ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមុខងារសាធារណៈដ៏មានសារៈសំខាន់នេះ
ដោយបានចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈ
និងការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការតភ្ជាប់
និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន។
ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានរំលឹកអំពីសារបាននៃដំណើរវិវឌ្ឍន៍នៃវិស័យមុខងារសាធារណៈ
ក៏ដូចជាដំណើរការនៃកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា
ដែលផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនចំពោះសេវាសាធារណៈ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា
កំណែទម្រង់នេះគឺដើម្បីធ្វើឱ្យមានគណនេយ្យភាព និងតម្លាភាព
ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ
និងការិយាធិបតេយ្យក្នុងដំណើរការផ្ដល់សេវាសាធារណៈ។
មុននឹងបញ្ចប់, សម្ដេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា
កិច្ចប្រជុំខាងលើនេះនឹងបិទបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា
តាមរយៈការចែករំលែកឧត្តមានុវត្តន៍
និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈ
ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី៕








Post a Comment