អភិបាលខេត្តកំពត ជំរុញឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវនៅឱ្យកៀកនឹងពលរដ្ឋតាមរយៈការបញ្ចូលខ្លួនជាសមាជិកគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានខ្លួន
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ដើម្បីទទួលបាននូវព័ត៌មាន និងសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបញ្ចូលខ្លួនជាសមាជិកនៅគ្រប់ក្រុមគ្រួសារក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបាននៅកៀកជាមួយប្រជាពលរដ្ឋ។ ទន្ទឹមនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់នៅទូទាំងខេត្តកំពត ត្រូវយកបេះដូងទៅបំរើប្រជាពលរដ្ឋ កុំមានការគាបសង្កត់ គេតប្រវ័ញ្ញផលប្រយោជន៍ពីពលរដ្ឋ ពិសេសត្រូវពិនិត្យឱ្យបានច្បាស់នូវអក្ខរាវិរុទ្ធពេលចុះសំបុត្រអត្រានុកោលដ្ឋានជូនពួកគាត់។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកស្រី ង៉ែត សូរ្យសែង ជាអភិបាលស្រុកជុំគិរី នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នាសាលាស្រុកជុំគិរី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានធ្វើការក្រើនរំលឹក និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណូមពរ និងការចង់បានរបស់ពួកគាត់។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រសិនបើយើងចង់ដឹងអំពី សុខទុក្ខ តម្រូវការ និងសំណូមពរ
របស់ពលរដ្ឋក្នុងមូលដ្ឋានរបស់យើង គឺយើងត្រូវនៅអោយកៀកនឹងប្រជាពលរដ្ឋគ្រប់ខ្នងផ្ទះ
ហើយអ្វីដែលយើងត្រូវធ្វើនោះ គឺយើងត្រូវបញ្ចូលខ្លួននៅជាសមាជិកម្នាក់
ដែលក្នុងនាមជាកូន ជាបង ជាប្អូន នៅគ្រប់ក្រុមគ្រួសារទាំងអស់ក្នុងមូលដ្ឋាន។
ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត
ជានាយករដ្ឋមន្ត្រី
សម្តេចតែងតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ពលរដ្ឋគ្រប់មូលដ្ឋាននៅទូទាំងប្រទេស
ដោយសម្តេចបានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាកិច្ចចង្អុលការមកកាន់អាជ្ញាធររាជធានី-ខេត្ត
ត្រូវគ្រប់គ្រង និងដោះស្រាយរាល់ទុក្ខលំបាក តម្រូវការ
និងសំណូមពររបស់ពលរដ្ឋឱ្យបានល្អប្រសើរ។ ដូច្នេះ
ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធិភាពតាមការចង្អុលការរបស់ប្រមុខរាជរដ្ឋាភិបាល
អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវតែទទួលបាននូវព័ត៌មានពិតពីប្រជាពលរដ្ឋតាមខ្នងផ្ទះ
ដោយត្រូវចុះទៅពិនិត្យ និងជួបផ្ទាល់ជាមួយពួកគាត់ក្នុងនាមជាសមាជិកគ្រួសារ។
ឯកឧត្តមបន្ថែមថា ការធ្វើដូចនេះគឺបានបង្ហាញពីការផ្តល់ភាពកក់ក្តៅជូនពលរដ្ឋក្នុងមូលដ្ឋានខ្លួន
ពិសេសបង្កើនភាពសិទ្ធស្នាលរវាងពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន ហើយពួកគាត់ក៏ហ៊ាននិយាយ
និងផ្តល់ព័ត៌មានអំពីតម្រូវការ សំណូមពរ
និងបញ្ហាប្រឈមមកកាន់អាជ្ញាធរដោយមិនមានការលាក់លៀមនោះដែរ។
ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត
ក៏បានក្រើនរំលឹកដល់ស្មៀនឃុំ-សង្កាត់ទាំង៩៣ នៅទូទាំងខេត្ត
ត្រូវយកបេះដូងមកបំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ
ពិសេសត្រូវចេះយកអាសារពលរដ្ឋតាមរយៈការផ្តល់សេវាផ្សេងៗឱ្យបានឆាប់រហ័សបំផុត។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏ជំរុញឱ្យស្មៀនឃុំ-សង្កាត់ទាំងអស់
ត្រូវពិនិត្យអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវមុនពេលចេញឯកសារអត្រានុកោលដ្ឋានជូនពលរដ្ឋ
ព្រោះកន្លងមកបញ្ហាខុសអក្ខរាវិរុទ្ធនេះបានកើតឡើងជាញឹកញាប់
ហើយក៏បានបង្ករការលំបាកដល់ពួកគាត់ដែលជាអ្នកប្រើប្រាស់ផងដែរ។ ជាមួយគ្នានេះដែរ
ឯកឧត្តមអភិបាលខេត្តកំពត ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូមួយគ្រឿងដល់ស្មៀនឃុំ-សង្កាត់ទាំងអស់
ដែលបានបំរើពលរដ្ឋក្នុងមូលដ្ឋានខ្លួនបានល្អប្រសើរ តាមរយៈការផ្តល់ព័ត៌មានពីពលរដ្ឋ។
យោងតាមអនុក្រឹតលេខ ៥៩០ អនក្រ.តត របស់រាជរដ្ឋាភិបាលកម្ពុជា
ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ត្រូវបានតែងតាំងលោកស្រី ង៉ែត សូរ្យសែង
ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥
ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកជុំគិរី ខេត្តកំពត៕









Post a Comment